ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលឆាប់ៗ តាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើន តាមនោះបង្ហាញពីតួនាទី និងឋានៈអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម។
ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញក្នុងស្ថានភាពពិភពលោក និងតំបន់។
ក៏នៅរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ លោកនាយករដ្ឋមន្ត្រីបានសម្តែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍន៍ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ២,២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨,២% បើធៀបនឹងឆ្នាំ ២០២៣ និងឆ្ពោះទៅរកគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕