ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នឹងទៅបំពេញទស្សនកិច្ចនៅឡាវក្នុងពេលឆាប់ៗ

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលរៀបចំឲ្យបានល្អនូវព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍សំខាន់ៗក្នុងឆ្នាំ ២០២៥។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (ស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលឆាប់ៗ តាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើន តាមនោះបង្ហាញពីតួនាទី និងឋានៈអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម។

ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញក្នុងស្ថានភាពពិភពលោក និងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VGP)

ក៏នៅរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ លោកនាយករដ្ឋមន្ត្រីបានសម្តែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍន៍ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ២,២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨,២% បើធៀបនឹងឆ្នាំ ២០២៣ និងឆ្ពោះទៅរកគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕


top