កន្លែងកើតហេតុនៃការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល នៅក្នុងបរិបទជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS/Alaa Al Marjani)
អ៊ីស្រាអែលបានប្រកាសថា ពួកគេបានវាយប្រហារលើគោលដៅរាប់រយនៅក្នុងប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១ ម៉ឺន គ្រាប់លើអ៊ីរ៉ង់ ដោយបានសម្លាប់ទាហានចន្លោះពី ៤,០០០ ទៅ ៥,០០០ នាក់។
រីឯខ្លួនវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ពួកគេបានសម្របសម្រួលជាមួយកងកម្លាំងហេសបូឡានៅលីបង់ ដើម្បីបើកការវាយប្រហាររួមគ្នាលើអ៊ីស្រាអែលនាថ្ងៃទី ១៣ ខែមីនា។ ការវាយប្រហារនេះបានប្រើប្រាស់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដោយតំរង់លើគោលដៅមូលដ្ឋានសឹក និងមូលដ្ឋានយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅក្នុងតំបន់ Tel Aviv។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនសរុបចំនួន ១១១ គ្រឿងជាច្រើនប្រភេទ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានោះ អង្គភាពបេសកកម្មមួយនៃកងម៉ារីនអាមេរិក ប្រហែល ២២០០ នាក់ រួមជាមួយក្រុមយន្តហោះចម្បាំង F-35 និងឧទ្ធម្ភាគចក្រ MV-22 Osprey កំពុងត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាលើនាវាកងទ័ពជើងទឹកចំនួន៣គ្រឿង។ នាថ្ងៃទី ១៣ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកលើគោលដៅយោធានៅលើកោះ Kharg របស់អ៊ីរ៉ង់ ដែលជាកន្លែងកែច្នៃប្រេងឆៅនាំចេញភាគច្រើនរបស់ទីក្រុងតេអេរ៉ង់ ព្រមទាំងបានគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីនេះផងដែរ។ កោះ Kharg ត្រូវបានគេចាត់ទុកថាជា "បេះដូង" នៃឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលបានកែច្នៃ និងដឹកជញ្ជូនប្រេងឆៅនាំចេញរបស់អ៊ីរ៉ង់ចំនួនពី ៨៥-៩០%៕