ព័ត៌មាន
សេចក្តីប្រកាសពិសេស ស្តីពីមរណភាពរបស់អតីតអគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi
នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមជម្រាបជូននូវដំណឹងថា អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi បានទទួលមរណភាពនៅវេលាម៉ោង២៣ និង១២នាទី នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជរាពាធ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ។
អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi (រូបថត៖ vnanet.vn)
អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៧ នៅឃុំ Dong My ស្រុក Thanh Tri ទីក្រុងហាណូយ។ លោក Do Muoi ចូលបក្សកុម្មុយនិស្តនៅខែមិថុនាឆ្នាំ១៩៣៩ ជាសមាជិកបំរុងនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ២; សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៣, ៤, ៥, ៦, ៧; សមាជិកបំរុងការិយាល័យនយោបាយ នីតិកាលទី៥; សមាជិកការិយាល័យនយោបាយ នីតិកាលទី៥, ៦, ៧, ៨; ជាសមាជិកអចិន្ត្រៃយ៍គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៦; ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (បច្ចុប្បន្ននេះជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ពីខែមិថុនា ឆ្នាំ១៩៨៨ រហូតដល់ខែមិថុនា ឆ្នាំ១៩៩១) អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស (ពីខែមិថុនា ឆ្នាំ១៩៩១ រហូតដល់ខែធ្នូរ ឆ្នាំ១៩៩៧) ជាទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្ស (ពីឆ្នាំ១៩៩៧ រហូតដល់ ឆ្នាំ២០០០) និងជាសមាជិកសភា នីតិកាលទី២, ៤, ៥, ៦,៧, ៨ និង៩ ។
ក្នុងអំឡុងពេលប្រតិបត្តការការងារ លោក Do Muoi បានរួមចំណែកដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ លោកត្រូវបានបក្ស និងរដ្ឋប្រគល់ជូននូវគ្រឿងឥសរិ្សយយសដ៏ឧត្តុងឧត្តមជាច្រើន។
មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។
ដើម្បីសម្តែងនូវសេចក្តីនឹករលឹកចំពោះវិញ្ញាណក្ខ័ន្ធរបស់លោក Do Muoi គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពលោក Do Muoi ដោយពិធីកាន់ទុក្ខថ្នាក់ជាតិ។
គណៈកម្មការទទួលរៀបចំបុណ្យសពលោក Do Muoi រួមមានសមាជិកចំនួន ៣៩ នាក់ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។
ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Do Muoi ចាប់ផ្តើមពីម៉ោង៧ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅអគាររៀបចំបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធត្រូវបានរៀបចំឡើងនៅវេលាម៉ោង៩ ថ្ងៃទី៧ ខែតុលា នៅអគាររៀបចំបុណ្យសពជាតិ។ ពិធីបញ្ចុះសពប្រព្រឹត្តទៅពីម៉ោង ១៣ ក្នុងថ្ងៃដដែលនៅស្រុកកំណើតរបស់លោក Do Muoi តាមអាស័យដ្ឋានតំបន់ Ma Vang ភូមិ១ ឃុំ Dong My ស្រុក Thanh Tri ទីក្រុងហាណូយ។
នាពេលវេលាដូចគ្នា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជិមិញ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Do Muoi ក៏ត្រូវបានរៀបចំឡើងផងដែរ។
ទូរទស្សន៍ជាតិវៀតណាម និងវិទ្យុសម្លេងវៀតណាម នឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពីធីបញ្ចុះសពលោក Do Muoi នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
ក្នុងរយៈពេល២ថ្ងៃកាន់ទុក្ខថ្នាក់ជាតិនោះ (ថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ) គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ និងទីកន្លែងសាធារណៈត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ចាប់ពីលើ និងគ្មានព្រឹត្តិការណ៍កំសាន្តជាសាធារណៈណាមួយនឹងត្រូវបានធ្វើឡើងទេ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ