ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងឱ្យប្រទេសជិត ៩០ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២៥ រូប ព្រមទាំងតំណាងស្ថាប័នហ្វ្រង់កូហ្វូនី អង្គការអន្តរជាតិ និងតំបន់ជាច្រើនរូបទៀត។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីលោកស្រី Louise Mushikiwabo បានសង្កត់ធ្ងន់លើអត្ថន័យ និងភាពទាន់សម័យនៃមូលបទកិច្ចប្រជុំកំពូល ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ លោកស្រីអគ្គលេខាធិការបានអះអាងថា សហគមន៍ហ្វ្រង់កូហ្វូនី ត្រូវពង្រីកបន្ថែមទៀតនូវតួនាទី និងទំនួលខុសត្រូវរបស់ខ្លួន មិនត្រឹមតែជាលំហរួមនៃភាសា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាជំរុញកិច្ចសន្ទនា កសាងទំនុកចិត្ត ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា តាមរយៈនោះ រួមចំណែកយ៉ាងជាក់ស្តែងដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងការបង្ការ ដោះស្រាយជម្លោះ រក្សាសន្តិភាព និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ថតរូបជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo (រូបថត៖ VNA)
មានព្រះរាជបន្ទូលស្វាគមន៍អង្គប្រជុំ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវព្រះទ័យរីករាយ និងមោទនភាព ដែលកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាំឱ្យកិច្ចប្រជុំកំពូលនេះវិលត្រឡប់មកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាថ្មីម្តងទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី៧ នៅទីក្រុងហាណូយ ក្នុងឆ្នាំ១៩៩៧។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងបានអំពាវនាវដល់បណ្តាប្រទេសនានា ឱ្យប្រែក្លាយការប្តេជ្ញាចិត្តផ្នែកនយោបាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា។ ក្រៅពីកិច្ចពិភាក្សាទូទៅលើមូលបទនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងអស់នឹងមានកិច្ចប្រជុំចង្អៀតស្តីពីមូលបទ “ការពង្រឹងសន្តិភាព៖ រួមដៃគ្នា ពង្រីកឧត្តមភាពចម្រុះនៃហ្វ្រង់កូហ្វូនី”។ កិច្ចប្រជុំក៏នឹងពិនិត្យលើការបញ្ចូលសមាជិកថ្មី ពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសកម្មភាព និងទិសដៅអភិវឌ្ឍន៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងដំណើរការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០ ផងដែរ។ នៅក្រៅកិច្ចប្រជុំកំពូល ក៏មានសកម្មភាពនានាដូចជា វេទិកាហ្វ្រង់កូហ្វូនី ស្តីពីនវានុវត្តន៍ (FrancoTech) ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី វេទិកាធុរជនហ្វ្រង់កូហ្វូនី និងសន្និសីទសាកលវិទ្យាល័យជាសមាជិកហ្វ្រង់កូហ្វូនី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕