ព័ត៌មាន

សេចក្តីប្រកាសពិសេស ស្តីពីមរណភាពរបស់អតីតអគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម​ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមជម្រាបជូននូវដំណឹងថា អតីតអគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម លោក Do Muoi បានទទួលមរណភាពនៅវេលាម៉ោង២៣ និង១២នាទី នាថ្ងៃទី១ ខែតុលា ឆ្នាំ​២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជរាពាធ ទោះបីជាមានការខិតខំប្រឹងប្រែង​អស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជា​ទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ។

អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi (រូប​ថត៖ vnanet.vn)

អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៧ នៅឃុំ Dong My ស្រុក Thanh Tri ទីក្រុងហាណូយ។ លោក Do Muoi ចូលបក្សកុម្មុយនិស្តនៅខែមិថុនាឆ្នាំ១៩៣៩ ជាសមាជិកបំរុងនៃ​គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ២; សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៣, ៤, ៥, ៦, ៧; សមាជិកបំរុងការិយាល័យនយោបាយ នីតិកាលទី៥; សមាជិកការិយាល័យនយោបាយ នីតិកាលទី៥, ៦, ៧, ៨; ជាសមាជិកអចិន្ត្រៃយ៍គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៦; ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (បច្ចុប្បន្ននេះជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ពីខែមិថុនា ឆ្នាំ១៩៨៨ រហូតដល់ខែមិថុនា ឆ្នាំ១៩៩១) អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស (ពីខែមិថុនា ឆ្នាំ១៩៩១ រហូតដល់ខែធ្នូរ ឆ្នាំ១៩៩៧) ជាទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្ស (ពីឆ្នាំ១៩៩៧ រហូតដល់ ឆ្នាំ២០០០) និងជាសមាជិក​សភា នីតិកាលទី២, ៤, ៥, ៦,៧, ៨ និង៩ ។

ក្នុងអំឡុងពេលប្រតិបត្តការការងារ លោក Do Muoi បានរួមចំណែកដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុង​រឿង​របស់បក្ស និងប្រទេសជាតិ។ លោកត្រូវបានបក្ស និងរដ្ឋប្រគល់ជូននូវគ្រឿងឥសរិ្សយយសដ៏ឧត្តុងឧត្តមជាច្រើន។

មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

ដើម្បីសម្តែងនូវសេចក្តីនឹករលឹកចំពោះវិញ្ញាណក្ខ័ន្ធរបស់លោក Do Muoi គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀតណាម​ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេច​ចិត្តរៀបចំពិធីបុណ្យសពលោក Do Muoi ដោយពិធីកាន់ទុក្ខថ្នាក់ជាតិ។

គណៈកម្មការទទួលរៀបចំបុណ្យសពលោក Do Muoi  រួមមានសមាជិកចំនួន ៣៩ នាក់ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Do Muoi ចាប់ផ្តើមពីម៉ោង៧ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅអគាររៀបចំបុណ្យ​សព​ជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធត្រូវបានរៀបចំឡើងនៅវេលាម៉ោង៩ ថ្ងៃទី៧ ខែតុលា នៅអគាររៀបចំបុណ្យសពជាតិ។ ពិធីបញ្ចុះ​សពប្រព្រឹត្តទៅពីម៉ោង ១៣ ក្នុងថ្ងៃដដែលនៅស្រុកកំណើតរបស់លោក Do Muoi  តាមអាស័យដ្ឋានតំបន់ Ma Vang ភូមិ១  ឃុំ Dong My ស្រុក Thanh Tri  ទីក្រុងហាណូយ។

នាពេលវេលាដូចគ្នា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជិមិញ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Do Muoi  ក៏ត្រូវបាន​រៀបចំឡើងផងដែរ។

ទូរទស្សន៍ជាតិវៀតណាម និងវិទ្យុសម្លេងវៀតណាម នឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ​និងពីធីបញ្ចុះសពលោក Do Muoi នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ក្នុងរយៈពេល២ថ្ងៃកាន់ទុក្ខថ្នាក់ជាតិនោះ (ថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ) គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​ និងទីកន្លែងសាធារណៈត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ចាប់ពីលើ និងគ្មានព្រឹត្តិការណ៍កំសាន្ត​ជាសាធារណៈណាមួយនឹងត្រូវបានធ្វើឡើងទេ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ


top