នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបអនុប្រធានទីភ្នាក់ងារវិនិយោគជាតិអូម៉ង់ (OIA) លោក Nasser bin Suliman Al Harthi ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបអនុប្រធានទីភ្នាក់ងារវិនិយោគជាតិអូម៉ង់ (OIA) លោក Nasser bin Suliman Al Harthi។ រូបថត៖ Dương Giang/TTXVN
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះតួនាទីជួរមុខ ប្រសិទ្ធភាព និងយុទ្ធសាស្ត្ររបស់មូលនិធិវិនិយោគវៀតណាម - អូម៉ង់ (VOI) ក្នុងរយៈពេលជាង ១៧ ឆ្នាំប្រតិបត្តិការនៅវៀតណាម ដោយបង្ហាញនូវចក្ខុវិស័យរយៈពេលវែង ការគិតគូរវិនិយោគប្រកបដោយនិរន្តរភាព និងការប្តេជ្ញាចិត្ត រួមដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។
នាយករដ្ឋមន្ត្រីបានស្នើឲ្យ អូម៉ង់ ពង្រីកនិងបង្កើនមូលនិធិវិនិយោគវៀតណាម - អូម៉ង់ ឡើងដល់១ពាន់លាន USD ដើម្បីគាំទ្រកាន់តែប្រសើរឡើងសម្រាប់តម្រូវការវិនិយោគនិងអភិវឌ្ឍន៍របស់វៀតណាម ស្របតាមទំហំសេដ្ឋកិច្ច អត្រាការប្រាក់ សមស្របនឹងលក្ខខណ្ឌរបស់វៀតណាម លើវិស័យយុទ្ធសាស្ត្រដូចជា៖ ការដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ថាមពលកកើតឡើងវិញ សុខាភិបាល ការអភិវឌ្ឍ អប់រំ ហិរញ្ញវត្ថុអ្នកប្រើប្រាស់ គាំទ្រការអភិវឌ្ឍន៍សេដ្ឋកិ្ចចឯកជនរបស់វៀតណាម ក៏ដូចជាក្នុងវិស័យកសិកម្ម និងអាហារហាឡាលផងដែរ។
រីឯខ្លួនវិញ អនុប្រធាន OIA លោក Nasser bin Suliman Al Harthi បានអះអាងថា អូម៉ង់យកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការវិនិយោគ - ដែលមានសក្តានុពលខ្លាំង និងជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។ លោកបានឲ្យដឹងថា OIA បានសហការជាមួយសាជីវកម្មវិនិយោគនិងធ្វើអាជីវកម្មពីថវិការដ្ឋ បង្កើតមូលនិធិកំណើនយុគសម័យថ្មីសម្រាប់វៀតណាម ដោយមានដើមទុនជាអប្បបរមា ២០០ លានUSD ហើយផ្តល់អាទិភាពលើការវិនិយោគលើវិស័យសក្តានុពលដូចជា៖ បច្ចេកវិទ្យា ទូរគមនាគមន៍ ហិរញ្ញវត្ថុ កសិកម្មហាឡាល់ បរិវត្តកម្មឌីជីថល នៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម