ព័ត៌មាន
វៀតណាមត្រៀមខ្លួនជាស្រេចជំរុញការតភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងលំហរហ្វ្រង់កូហ្វូនី
ថ្លែងមតិនៅវេទិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យ សហគមន៍ហ្វ្រង់កូហ្វូនីកំណត់ឱ្យបានច្បាស់លាស់នូវអាទិភាពនានា និងមានសកម្មភាពជាក់ស្តែង សំដៅជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះ ចាំបាច់ត្រូវស្រាវជ្រាវរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីសេដ្ឋកិច្ចឌីជីថលហ្វ្រង់កូហ្វូនី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល បង្កើនការសម្របសម្រួលគោលនយោបាយ កំណត់ទិសដៅសហប្រតិបត្តិការ និងបង្កើតរបៀង គតិយុត្តិអំណោយផលជូនធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើបរិស្ថានឌីជីថល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានយល់ឃើញថា ចាំបាច់ត្រូវជ្រើសរើសវិស័យដែលមានសក្តានុពល ឧត្តមភាព និងការបំពេញបន្ថែមរវាងប្រទេសជាសមាជិក ដើម្បីផ្តោតលើការសហប្រតិបត្តិការ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ក្រៅពីនោះ ចាំបាច់ត្រូវបង្កើនការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងដើម្បីប្រជាជន។
“ជាមួយនឹងការកំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី យើងខ្ញុំលើកកម្ពស់តួនាទីត្រួសត្រាយរបស់ធុរកិច្ច តួនាទីគន្លឹះរបស់អ្នកវិទ្យាសាស្ត្រ និងតួនាទីស្ថាបនារបស់រដ្ឋ។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយបណ្តាប្រទេស និងដៃគូហ្វ្រង់កូហ្វូនីក្នុងវិស័យដែលមានសក្តានុពលខ្លាំង ដូចជា៖ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្មសឺមីកុងឌុចទ័រនិងការផ្លាស់ប្តូរបៃតង។ យើងខ្ញុំក៏សូមស្វាគមន៍គម្រោងវិនិយោគដែលអនុវត្តបច្ចេកវិទ្យាទំនើប ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស។ បណ្តាធុរកិច្ចវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឌីជីថលជាមួយទីផ្សារហ្វ្រង់កូហ្វូនី។ វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយសមាជិកហ្វ្រង់កូហ្វូនីអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីជំរុញការតភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងកន្លែងហ្វ្រង់កូហ្វូនី”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានជំនឿទុកចិត្តថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នឹងបើកចេញនូវឱកាសថ្មីៗ ដើម្បីធ្វើឱ្យស្មារតី “សហគមន៍ហ្វ្រង់កូហ្វូនីមួយ អនាគតឌីជីថលមួយ” («Une communauté francophone, un avenir numérique» / "One Francophone Community, One Digital Future") ក្លាយជាការពិត ប្តូរចក្ខុវិស័យទៅជាសកម្មភាព និងប្រែក្លាយគំនិតផ្តួចផ្តើមទៅជាលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕






