អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ចូសេ អាន់តូនីញ៉ូ កាស។ (រូបថត៖ VNA)
ក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតីលោក ចូសេ អាន់តូនីញ៉ូ កាស បានឯកភាពគ្នាវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ឈីលីបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីឈានទៅដល់កម្រិតថ្មីនៃការអភិវឌ្ឍ ជាមួយនឹងការជឿទុកចិត្តខាងនយោបាយខ្ពស់ជាងមុន កិច្ចសហប្រតិបត្តិការទូលំទូលាយ និងជាក់ស្តែងជាងមុន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតីលោក ចូសេ អាន់តូនីញ៉ូ កាស បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងវៀតណាម-ឈីលីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងឯកភាពបង្កើតផែនការសកម្មភាពមួយក្នុងពេលឆាប់ៗនេះ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសសរស្តម្ភសំខាន់ៗទាំងប្រាំមួយនៅក្នុងក្របខ័ណ្ឌថ្មី។
ថ្នាក់ដឹកនាំទាំងពីរមុនពូលចូលកិច្ចពិភាក្សាការងារ។ (រូបថត៖ VNA)
មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា កសិកម្ម ការពារជាតិ សន្តិសុខ រ៉ែសំខាន់ៗ ហិរញ្ញវត្ថុ-ធនាគារ សេដ្ឋកិច្ចសមុទ្រ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្ដូរប្រជាជនជាមួយប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរជំរុញការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍គ្រប់គ្រងក្នុងវិស័យធ្វើអាជីវកម្មរ៉ែឆ្លាតវៃ ការកែច្នៃរ៉ែយ៉ាងស៊ីជម្រៅដែលមិនប៉ះពាល់ដល់បរិស្ថាន បច្ចេកវិទ្យាផលិត និងផ្ទុកអ៊ីដ្រូសែនបៃតង និងការអភិវឌ្ឍថាមពលព្រះអាទិត្យ និងវាយោអគ្គិសនី។
ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាភាពជាសកល និងបូរណភាពនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលនៅអង្គការសហប្រជាជាតិ និងអង្គការ វេទិកាពហុភាគីផ្សេងទៀត។
នៅរសៀលថ្ងៃដដែល នៅអគាររដ្ឋសភា ប្រធានាធិបតីឈីលី លោក ចូសេ អាន់តូនីញ៉ូ កាស បានជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ផងដែរ៕