ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្តីពីការសាងសង់រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរ
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព គឺជាគោលការណ៍របស់បក្ស និងរដ្ឋ។ វៀតណាមខិតខំសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨% ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់ក្នុងរយៈពេលខាងមុខ។ ដូច្នេះតម្រូវការអគ្គិសនីត្រូវតែកើនឡើងពី ១២-១៦% ក្នុងមួយឆ្នាំ។ វៀតណាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ជាពិសេសវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត កុំព្យូទ័រលើពពក អ៊ីនធឺណិតតភ្ជាប់វត្ថុទាំងឡាយ ទិន្នន័យធំ ... ដូច្នេះតម្រូវការថាមពលអគ្គិសនីមានច្រើនណាស់។
ដោយអះអាងថា ការអភិវឌ្ឍន៍ថាមពលបៃតង និងនិរន្តរភាពគឺជាតម្រូវការបន្ទាន់ ហើយការអភិវឌ្ឍថាមពលអគ្គិសនីនុយក្លេអ៊ែរគឺជាវិធានការមួយដើម្បីបំពេញតម្រូវការនិងស្របតាមនិន្នាការពិភពលោក នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដឹកនាំការកែសម្រួលច្បាប់ថាមពលនុយក្លេអ៊ែរជាបន្ទាន់ ប្រមូលមតិពីអ្នកជំនាញ ប្រជាជន និងអ្នកវិទ្យាសាស្ត្រ បំពេញបន្ថែមច្បាប់នេះ ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំបន្ទាប់។ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសត្រូវពិនិត្យថា តើក្នុងដំណើរការអនុវត្តន៍មានគោលនយោបាយ និងយន្តការពិសេសណាមួយ ត្រូវរាយការណ៍ជូនគណៈកម្មការដឹកនាំដើម្បីដាក់ជូនទីភ្នាក់ងារពាក់ព័ន្ធ ធ្វើការដោះស្រាយដូចជា៖ ការបោសសំអាតទីតាំង បច្ចេកវិទ្យា និងសំណង់ជាដើម។
ទាក់ទិននឹងការបណ្តុះបណ្តាលធនធានមនុស្ស នាយករដ្ឋមន្ត្រីបានស្នើឱ្យ EVN ពិនិត្យឡើងវិញនូវធនធានមនុស្សដែលត្រូវបានបញ្ជូនទៅសិក្សា ហើយមានគោលនយោបាយនិងយន្តការដើម្បីទាក់ទាញទេពកោសល្យ និងពិនិត្យឡើងវិញនូវវិជ្ជាជីវៈស្រដៀងគ្នាសម្រាប់ការបណ្តុះបណ្តាលបន្ថែមទៀត៕