រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចែករំលែកការវាយតម្លៃអំពីការអភិវឌ្ឍជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក៏ដូចជាបានផ្លាស់ប្តូរខ្លឹមសារនៃដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅក្នុងវិស័យនានា ជាពិសេសពាណិជ្ជកម្ម-ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងសារជាថ្មីថា អាមេរិកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់នាំទំនាក់ទំនងនេះឡើងកំពស់ថ្មី។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគាំទ្រតួនាទីកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); មានបំណង តាមរយៈយន្តការ និងក្របខណ្ឌរបស់អាស៊ាន ដើម្បីជំរុញការដោះស្រាយបញ្ហាដែលប្រទេសនានាក្នុងតំបន់មានការយកចិត្តទុកដាក់ដូចគ្នា។ លោកអគ្គលេខាបក្សបានស្វាគមន៍លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកង្វល់រួមរបស់វៀតណាម និងបណ្តាប្រទេសអាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិ។
តាងនាមប្រធានាធិបតី Joe Biden រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានរំលឹកឡើងវិញសេចក្តីអញ្ជើញលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ អគ្គលេខាបក្សលោក Nguyen Phu Trong ជាថ្មីម្តងទៀតបានថ្លែងអំណរគុណ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធរៀបចំដំណើរទស្សនកិច្ចនាពេលវេលាសមស្រប និងបានរំលឹកឡើងវិញនូវការអញ្ជើញលោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាម។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងសារជាថ្មីថា លោកប្រធានាធិបតី Joe Biden នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕