នេះគឺជាខ្លឹមសារដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីស្វីសលោក Guy Parmelin បានឯកភាពគ្នា ក្នុងកិច្ចពិភាក្សា នារសៀលថ្ងៃទី១៧ ខែតុលា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅទីក្រុងហាណូយ។
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានផ្តល់ព័ត៌មានអំពីទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសរបស់វៀតណាម ដោយបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយស្វីស ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរួមដំណើរ រួមការអភិវឌ្ឍ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
រីឯខ្លួនវិញ លោកប្រធានាធិបតី Guy Parmelin បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងស្វីស ជាមួយប្រទេស EFTA ផ្សេងទៀត នឹងជាឱកាសល្អសម្រាប់អាជីវកម្មក្នុងការទាញយកសក្តានុពលសហប្រតិបត្តិការ នាពេលអនាគត ជាពិសេសជាមួយនឹងក្រុមហ៊ុនស្វីសជាង ១០០ ដែលមានវត្តមាននៅក្នុងប្រទេស វៀតណាមរួចហើយ។ លើសពីនេះ ស្វីសមានបច្ចេកវិទ្យានិងដំណោះស្រាយដែលមានសក្តានុពល ខណៈដែលវៀតណាមមានកំណើនយ៉ាងឆាប់រហ័ស និងចំនួនប្រជាជនវ័យក្មេង។ ថ្នាក់ដឹកនាំស្វីសក៏បានយល់ស្របជាមួយនឹងទិសដៅសហប្រតិបត្តិការសំខាន់ៗសម្រាប់រយៈពេលខាងមុខ ជាសំណើររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ដូចជា៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA ត្រូវបានចុះហត្ថលេខានិងអនុវត្ត; លើកទឹកចិត្តអាជីវកម្មស្វីសកាន់តែច្រើនឱ្យវិនិយោគនៅវៀតណាម ជាពិសេសនៅក្នុងវិស័យកំពង់ផែ។ ជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដាក់ពង្រាយហិរញ្ញវត្ថុឌីជីថល បច្ចេកវិទ្យាប្លុកឆេន ទ្រព្យសកម្មឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ; នាំវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ; បង្កើនកិច្ចសហប្រតិបត្តិការលើបរិស្ថាន វប្បធម៌ និងទេសចរណ៍; នាំសន្តិសុខជាតិ និងការពារជាតិក្លាយជាវិស័យសហប្រតិបត្តិការដ៏សំខាន់។ លោកប្រធានាធិបតីស្វីសក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសដែលមានតុល្យភាពរបស់វៀតណាម ដែលបានជួយវៀតណាម បង្កើតជំហរនៅក្នុងតំបន់និងពិភពលោក។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរវាងក្រសួង និងស្ថាប័ននានាក្នុងវិស័យការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។ លោកប្រធានាធិបតីស្វីសបានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងសន្និសីទសកល ស្តីពីបញ្ញាសិប្បនិម្មិតដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីសនៅឆ្នាំ ២០២៧។
បន្ទាប់នោះ នាល្ងាចថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយាបានរៀបចំពិធីជប់លៀងស្វាគមន៍ប្រធានាធិបតីស្វីស លោក Guy Parmelin និងភរិយា។ ថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានបំណងរួមជាមួយស្វីសដើម្បីបង្កើតវឌ្ឍនភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីសរសេរឡើងជំពូកថ្មីដ៏ភ្លឺស្វាងក្នុងទំនាក់ទំនងសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួម។ ទំនាក់ទំនងវៀតណាម-ស្វីសកំពុងអភិវឌ្ឍន៍បានល្អពីមួយថ្ងៃទៅមួយថ្ងៃ ដែលផ្តល់ឱ្យយើងនូវឱកាសកាន់តែច្រើនដើម្បីចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងពិភពលោក។ មិត្តភាពរយៈពេល ៥៥ ឆ្នាំគឺជាមូលដ្ឋានគ្រឹះសម្រាប់យើងដើម្បីឆ្ពោះទៅមុខដោយទំនុកចិត្ត”។
ជាការឆ្លើយតប ប្រធានាធិបតីស្វីស លោក Guy Parmelin បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EFTA-វៀតណាម នៅថ្ងៃទី ១៨ ខែតុលា នឹងបើកឱកាសថ្មីសម្រាប់អាជីវកម្មនៅក្នុងប្រទេសទាំងពីរ និងនាំសេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នា។
ក៏នាយប់ថ្ងៃទី១៧ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយលោកប្រធានាធិបតី Guy Parmelin នៃសហព័ន្ធស្វីស និងភរិយា បានទៅទស្សនាផ្លូវថ្មើរជើងនៅបឹងហ័នគៀម និងបានជួបសំណេះសំណាលជាមួយប្រជាជន៕





