កិច្ចសហប្រតិបត្តិការកាន់តែមានគុណភាពជាង
នាខែមីនា
ឆ្នាំ២០០៨ វៀតណាមបានក្លាយទៅជាសមាជិកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ OECD ជាផ្លូវការ ហើយចាប់តាំងពីឆ្នាំ ២០១២ មក
វៀតណាមតែងតែកសាងផែនការសហប្រតិបត្តិការទ្វេភាគីជាមួយ OECD តាមដំណាក់កាលនីមួយៗ៖
២០១២-២០១៥; ២០១៦-២០២០ និង ២០២១-២០២៥។
ដោយប្រកាន់ខ្ជាប់នូវទិសដៅ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលបានប្តេជ្ញាចិត្ត
វៀតណាម និង OECD បានសហការគ្នាសិក្សាស្រាវជ្រាវ
កសាងរបាយការណ៍ជាង ១០ លើវិស័យ និងកម្រិតផ្សេងៗគ្នា។ ក្នុងដំណាក់កាល ២០១៩-២០២០
ក្រសួងការបរទេស និងក្រសួងផែនការ និងវិនិយោគបានដឹកនាំ និងសម្របសម្រួលជាមួយ OECD
កសាងរបាយការណ៍ "ការវាយតម្លៃពហុវិស័យរបស់វៀតណាម" (MDR)។
នេះគឺជាឯកសារដ៏ល្អិតល្អន់ដែលមានតម្លៃសិក្សាហើយជាការស្រាវជ្រាវធាតុចូលដ៏មានប្រយោជន៍សម្រាប់ដំណើរការកសាងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល
១០ ឆ្នាំ (២០២១-២០៣០) និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ
(២០២១-២០២៥) នៅវៀតណាម។ លើសពីនេះ ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ វៀតណាម និង OECD
បានចរចាកសាងកម្មវិធីជាតិ
រួមមានគម្រោងសហប្រតិបត្តិការជាក់ស្ដែងចាប់ពី ៨ ទៅ ១០ ដែលបានអនុវត្តន៍ក្នុងរយៈពេល ៣
ឆ្នាំ (២០២០-២០២៣)។
កម្មវិធីជាតិគឺជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់របស់
OECD
ជាមួយប្រទេសដែលមិនមែនជាសមាជិក ពោលគឺមិនត្រឹមតែរួមបញ្ចូលនូវអនុសាសន៍
និងការផ្ដល់ប្រឹក្សាគោលនយោបាយប៉ុណ្ណោះទេ
ថែមទាំងជួយឧបត្ថម្ភដល់ដំណើរការអនុវត្តន៍គោលនយោបាយទៀតផង។
អញ្ជើញថ្លែងមតិក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រី
OECD-អាស៊ីអាគ្នេយ៍ឆ្នាំនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ចាប់ពីថ្ងៃទី២៦
ដល់ថ្ងៃទី២៧ ខែតុលា) ដោយប្រធានបទ “វិនិយោគប្រកបដោយនិរន្តរភាព និងគុណភាព៖ កម្លាំងចលករថ្មី
សម្រាប់ទំនាក់ទំនងភាពជាដៃគូ” OECD-អាស៊ីអាគ្នេយ៍” នោះ អគ្គលេខាធិការ OECD លោក Mathias
Cormann បានឲ្យដឹងថា៖
វៀតណាមគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការពិសេស និងគុណភាពកាន់តែមានឯកទេស
និងគុណភាពរវាងOECD ជាមួយប្រទេសដទៃទៀត៖
“ឧទាហរណ៍មួយគឺសេចក្ដីណែនាំស្តីពីការវាយតម្លៃលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយមាន
ការទទួលខុសត្រូវសម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងស្បែកជើងវៀតណាម
ដែលត្រូវបានបង្កើតឡើងដោយ OECD បានឆ្លើយតបតាមការរំពឹងទុកច្បាស់លាស់ ព្រមទាំងធានាការគោរពចំពោះការអភិវឌ្ឍប្រកបដោយចីរភាពអំពីបរិស្ថាន
និងសង្គម”។
រួមចំណែកយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការ OECD-អាស៊ាន
មិនត្រឹមតែលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ
OECD
ប៉ុណ្ណោះទេ វៀតណាមក៏កាន់តែម្ចាស់ការ សកម្មរួមចំណែកច្រើន
ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាង OECD និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន)។
ចាប់តាំងពីឆ្នាំ
២០១៤ នៅពេលដែល OECD បានប្រកាសកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ (SEARP)
សំដៅជួយឧបត្ថម្ភដល់ដំណើរការកំណែទម្រង់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសក្នុងតំបន់
វៀតណាមតែងតែជាសមាជិកដ៏សកម្ម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
វៀតណាមបានរៀបចំព្រឹត្តិការណ៍សន្ទនាគោលនយោបាយសំខាន់ៗជាច្រើនរវាង OECD និងអាស៊ាន ដូចជា៖ វេទិកា “លើកកំពស់ផលិតភាពផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅអាស៊ីអាគ្នេយ៍” (ខែមុថុនា
ឆ្នាំ២០១៦); វេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ (ខែតុលា ឆ្នាំ ២០២២) នៅទីក្រុងហាណូយ ស្តីពី
"ការតភ្ជាប់ក្នុងតំបន់៖
ជំរុញទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ពឹងលើខ្លួនឯង
និងនិរន្តរភាព" និងវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំនេះ
ដោយប្រធានបទស្ដីពីការវិនិយោគប្រកបដោយនិរន្តរភាព និងគុណភាព។
រួមជាមួយអូស្ត្រាលី
វៀតណាមបច្ចុប្បន្នជាសហប្រធាន SEARP អាណត្តិ ២០២២-២០២៥។
ក្នុងតួនាទីនេះ វៀតណាមតែងតែរួមចំណែកយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម។ នាពេលថ្មីៗនេះ
ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍
ដែលបានបើកនាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran
Luu Quang បានស្នើនូវទិសដៅចំនួន ៥ ដើម្បីជំរុញការវិនិយោគរបស់ OECD-អាស៊ាន ព្រមទាំងបង្ហាញពីទស្សនវិស័យវិនិយោគរបស់វៀតណាម ដោយចាត់ទុកប្រការនេះ
គឺជាការរួមចំណែកដល់ការពិភាក្សាស្ដីពីការវិនិយោគប្រកបដោយនិរន្តរភាព និងគុណភាពរវាង OECD
និងអាស៊ាន៖
“ទី១ ការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ ទី២
គឺរួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីជម្នះពុះពារលើការលំបាក។ ទី៣ គឺបង្កើតបរិយាកាស
ប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងអាជីវកម្ម ប្របដោយសមភាព តម្លាភាព ស្អាតស្អំ
និងនិរន្តរភាព។ យើងខ្ញុំជឿជាក់ថា
ប្រការទាំងនេះនឹងជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយគុណភាពខ្ពស់រវាងវៀតណាម
និង OECD និងបណ្តាប្រទេសអាស៊ាន”។
OECD បានវាយតម្លៃថា
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានធ្វើកំណែទម្រង់យ៉ាងប្ដូរផ្ដាច់បំផុតហើយមានការរីកគួរឲ្យកត់សម្គាល់ក្នុងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព
ក៏ដូចជាការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC)។
ប្រការនេះគឺជាកត្តាដែលជួយវៀតណាមកាន់តែពង្រីកតួនាទីរបស់ខ្លួនក្នុងការជះឥទ្ធិពលដល់គោលនយោបាយកំណែទម្រង់សំខាន់ៗក្នុងតំបន់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕





