ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសេណេហ្គាល់ ព្រះរាជាណាចក្រម៉ារ៉ុក ចូលរួមសន្និសីទប្រធានរដ្ឋសភាលើកទី ៦ នៃសហភាពអន្តរសភា (IPU) និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសស្វីស។ ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man គឺជាឱកាសសម្រាប់វៀតណាមជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាហ្វ្រិក រួមចំណែកយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវចំពោះសកម្មភាពរួមរបស់ IPU ព្រមទាំងអះអាងនូវតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាសកលផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang។ (រូបថតឯកសាររបស់ VNA)
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man គឺសំដៅបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពរបស់វៀតណាម។
ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយបណ្តាប្រទេសអាហ្វ្រិក
សាធារណរដ្ឋសេណេហ្គាល់ គឺជាទីបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាលោក Tran Thanh Man (ថ្ងៃទី២២-២៤ ខែកក្កដា)។ នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតតាំងពីមុនមក ក្នុងអំឡុងពេលជាង ៥៥ ឆ្នាំចាប់តាំងពីវៀតណាម និងសេណេហ្គាល់បានបង្កើតទំនាក់ទំនងការទូត (១៩៦៧-២០២៥)។ អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងទទួលបន្ទុកសេណេហ្គាល់ លោក Tran Quoc Khanh បានធ្វើអត្ថាធិប្បាយថា៖
“ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានគេរំពឹងថានឹងបើកវិស័យសហប្រតិបត្តិការជាក់លាក់ ដូចជាពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់មួយទៀតគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសេណេហ្គាល់ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការពហុភាគីដែលប្រទេសទាំងពីរជាសមាជិក។ នាពេលថ្មីៗនេះ សេណេហ្គាល់បានគាំទ្រ វៀតណាមយ៉ាងសកម្ម ដើម្បីឲ្យរមណីយដ្ឋាន Yen Tu - Con Son - Kiep Bac របស់វៀតណាម ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងសម័យប្រជុំលើកទី ៤៧។នេះជាឧទាហរណ៍ដ៏រស់រវើក និងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃវេទិកាអន្តរជាតិ”។
ក្នុងពេលជាមួយគ្នានោះ ដោយមានទីតាំងនៅអាហ្វ្រិកខាងជើង នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងអាត្លង់ទិក ព្រះរាជាណាចក្រម៉ារ៉ុកមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទីពីរនៅអាហ្វ្រិក។ ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុករបស់ប្រធានរដ្ឋសភាលោក Tran Thanh Man បើកឱកាសសហប្រតិបត្តិការជាច្រើន ជាពិសេសលើវិស័យឧស្សាហកម្មហាឡាល់ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្ររួម ជាដើម។ ចែករំលែកអំពីអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ទៅកាន់សេណេហ្គាល់ និងម៉ារ៉ុក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang បានឲ្យដឹងថា៖
“ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងបើកសញ្ញាសម្គាល់ថ្មី ដំណាក់កាលថ្មី ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងសេណេហ្គាល់ ម៉ារ៉ុក ក៏ដូចជាទ្វីបអាហ្វ្រិកទាំងមូល។ គោលដៅគឺធ្វើយ៉ាងណាដើម្បីក្រៅពីទំនាក់ទំនងនយោបាយ យើងក៏ជំរុញទំនាក់ទំនងជាក់ស្ដែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនផងដែរ”។
បង្ហាញពីទំនួលខុសត្រូវ និងតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាសកល
សកម្មភាពសំខាន់មួយក្នុងដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man លើកនេះ គឺទៅចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៦ នៃសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការទូតសភា ដោយមានការចូលរួមពីសភានៃប្រទេសជិត ១២០ រួមទាំងប្រធានសភា និងរដ្ឋសភាជិត ១០០ រូបផងដែរ។
អញ្ជើញចូលរួមសន្និសីទលើកនេះ ប្រធានរដ្ឋសភាវៀតណាមនឹងថ្លែងសារអំពីគោលមាគ៌ា គោលនយោបាយរបស់វៀតណាម ជាពិសេសគោលមាគ៌ាសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ ជំនួបទ្វេភាគីជាមួយប្រធាន និងអគ្គលេខាធិការសហភាពអន្តរសភា ព្រមទាំងប្រធានសភា និងប្រធានរដ្ឋសភានៃប្រទេសជាច្រើនទៀតផង។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោក Tran Thanh Man នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសស្វីស។ តាមនោះ បន្តអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ស្វីស; ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្វីស លើវិស័យដែលស្វីសមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការអភិវឌ្ឍន៍; ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA; អះអាងការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រីកតួនាទីជាស្ពាន ពង្រឹងទំនាក់ទំនងរវាងស្វីស និងអាស៊ាន; សង្កត់ធ្ងន់លើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាទាំងពីររបស់ស្វីស។
ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងនូវការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម; អះអាងនូវតួនាទីម្ចាស់ការនិងសកម្មរបស់ស្ថាប័ននីតិប្បញ្ញត្តិវៀតណាម ក្នុងការចូលរួមដោះស្រាយបញ្ហាសកលបន្ទាន់។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ច ក៏បានបើកយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាមួយសាធារណរដ្ឋសេណេហ្គាល់ ព្រះរាជាណាចក្រម៉ារ៉ុក និងស្វីសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម