ប្រជាពលរដ្ឋជនជាតិ Pa Then នៅឃុំ Tan Bac ស្រុក Quang Binh ខេត្ត Ha Giang មានទំនៀមទម្លាប់ទទួលអំណរបុណ្យតេតមុនកាលកំណត់។ នាចុងខែកត្តិក ជារៀងរាល់ឆ្នាំ ពេលដែលស្រូវពេញជង្រុក ការចិញ្ចឹមជ្រូកមាន់ធំធាត់ល្មម សហគមន៍ជនជាតិ Pa Then នឹងចាប់ផ្ដើមទទួលអំណរបុណ្យតេត ជាមួយនឹងពិធីប្រពៃណីប្លែកពីគេ។
សមាជិកគ្រួសារនាំគ្នាអុជធូបបួងសួងសុំឲ្យមានសេចក្ដីសុខ និងការប្រមូលផលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំថ្មី។ (រូបថត៖ Vinh Phong/VOV5)
ជនជាតិ Pa Then នៅវៀតណាមបច្ចុប្បន្នមានប្រជាជនប្រហែល ១ ម៉ឺននាក់
ដែលរស់នៅប្រមូលផ្តុំនៅក្នុងឃុំមួយចំនួនក្នុងស្រុក Chiem Hoa (ខេត្ត Tuyen Quang) ស្រុក Bac Quang និង Quang Binh (ខេត្ត Ha Giang)។ ក្នុងនោះ ឃុំ Tan Bac ស្រុក Quang Binh មានប្រជាជនរស់នៅច្រើនជាងគេ ជាមួយនឹងជិត ៥០០ គ្រួសារ និងប្រជាជនប្រមាណ ៣
ពាន់នាក់។ ដោយសារចំនួនប្រជាជនច្រើនកុះករ សហគមន៍ជនជាតិ Pa Then នៅតែរក្សាបាននូវលក្ខណៈវប្បធម៌រៀងៗខ្លួន
ជាពិសេសទំនៀមទំលាប់ប្រពៃណីដ៏វិសេសវិសាលក្នុងអំឡុងបុណ្យតេត និងនិទាឃរដូវ។
នៅប៉ុន្មានថ្ងៃចុងខែកត្តិក ពេលដែលផ្កាម៉ាកខៃ
និងផ្លែព្រូនរីកស្គុះស្គាយនៅក្នុងសួនច្បារតាមផ្ទះ និងតាមចង្កេះភ្នំ
វាក៏ជាពេលដែលជនជាតិ Pa Then ក្នុងឃុំ Tan Bac ទទួលអំណរបុណ្យតេតមុនពេលកំណត់។
គ្រូសែន Sin Van Phong ភូមិ My Bac ឃុំ
Tan Bac ស្រុក Quang Binh បានឲ្យដឹងថា៖
“ដើម្បីត្រៀមរៀបចំឲ្យបុណ្យតេត
ប្រជាជននឹងត្រៀមស្រា អុស មាន់ ជ្រូក និងអង្ករដំណើប ដើម្បីធ្វើនំ។
ប្រជាជនត្រូវត្រៀមរៀបចំធ្វើនំ day ដែលជាមុខម្ហូបពិសេសរបស់ជនជាតិ
Pa Then។ គ្រួសារណាដែលមានមាន់នឹងគ្រងក្នុងទ្រុង
ផ្តល់អាហារនិងទឹកស្អាតដើម្បីសែននិងបរិភោគក្នុងបុណ្យតេត។ ក្រៅពីនោះ
ត្រៀមប្រដាប់ក្មេងលេង។ កាលពីមុន ត្រៀមលេងល្បែងកំសាន្តទៀតផង។ គ្រួសារណាដែលមានជ្រូក
ដាក់ក្នុងទ្រងុងពីខែតុលា ក៏ផ្តល់វាអាហារនិងទឹកស្អាតដែរ
ដើម្បីអាចបរិភោគនៅជិតបុណ្យតេត”។
នៅក្នុងផ្ទះដ៏ធំទូលាយ
គ្រួសាររបស់អ្នកស្រី Phu Thi Thien មានភាពអ៊ូអរមមាញឹកជាងថ្ងៃធម្មតា។
តាំងពីព្រលឹម បងប្អូនញាតិមិត្តពីគ្រប់ភូមិជុំវិញ
បានមកអំណរបុណ្យតេតជាមួយក្រុមគ្រួសារ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ
រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន សហគមន៍ជនជាតិ Pa Then និយាយរួម និងក្រុមគ្រួសារនិយាយដោយឡែក មានជីវភាពរស់នៅកាន់តែល្អប្រសើរ។
មានជីវភាពធូធារ ដូច្នេះបានជា ពេលបុណ្យតេតមកដល់ជារៀងរាល់ឆ្នាំ គ្រួសារណាក៏កាប់ជ្រូក
មាន់ ធ្វើនំ... អញ្ជើញបងប្អូនញាតិមិត្តមកអបអរ។ អ្នកស្រី Phu Thi Thien ឃុំ Tan Bac ស្រុក Quang Binh ខេត្ត Ha Giang បានឲ្យដឹងថា ជនជាតិ Pa Then
ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី
មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ Kinh៖
“នៅពេលដែលរដូវប្រមូលផលបញ្ចប់
ប្រហែលថ្ងៃទី ២២ ខែទី ១២ តាមច័ន្ទគតិ គឺចាប់ផ្ដើមអំណរបុណ្យតេត។
ទំនៀមទំលាប់របស់ជនជាតិ Pa Then គឺការអញ្ជើញដូនតាមកស៊ីតេតជាមួយក្រុមគ្រួសារ។
នៅថ្ងៃដំបូងក្នុងបុណ្យតេត គ្រួសារនឹងចាត់ចែងស្ពកបាយពី ៣ ដល់ ៤ មុខម្ហូប
និងអុជធូបថ្វាយដូនតា”។
ប្រជាជននៅក្នុងភូមិឃុំនឹងប្តូរវេនទៅជប់លៀងនៅគ្រួសារនីមួយៗក្នុងភូមិរហូតដល់ថ្ងៃទី២៩
ខែកត្តិក។ នៅថ្ងៃទី៣០ ខែកត្តិក គេនឹងធ្វើសម្អាតផ្ទះ និងធ្វើពិធីសែនអំណរគុណ
និងអញ្ជើញដូនតាមកផ្ទះស៊ីតេត។ គ្រឿងដង្វាយ ក្រៅពីសាច់ជ្រូក មាន់ ស្រា
ក៏មានវត្ថុប្រពៃណីដូចជា ក្រដាសសែន មាស ប្រាក់
និងសម្លៀកបំពាក់ថ្មីដែលត្រូវបានព្យួរឡើងដើម្បីជម្រាបជូនដូនតាពីការងារខ្លះដែលគ្រួសារធ្វើបានក្នុងឆ្នាំមុន
របស់ថ្មីអីដែលទិញបានសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ។ គ្រូសែន Sin Van
Phong បានឲ្យដឹងថា៖
“ថ្ងៃទី៣០
តេត គ្រួសារនឹងត្រៀមរៀបចំមាន់ ១ ក្បាល កែវ ១០ គ្រឿង ស្រា១ ដប ធូប ក្រដាសសែន មាស
និងប្រាក់ ដើម្បីធ្វើពិធីអរព្រះគុណ។ ពេលនោះគ្រូសែននឹងបន់ស្រន់ជូនម្ចាស់ផ្ទះ
ពេលខ្លះត្រូវអូសបន្លាយរហូតដល់ម៉ោង ១-២ ទាបភ្លឺ ទើបបញ្ចប់។ ថ្ងៃទី៣០ តេត
គ្រូសែននឹងបណ្ដេញខ្មោចព្រាយបិសាចចង្រៃទាំងអស់ចេញពីផ្ទះ
បន្ទាប់មកបិទទ្វាការពារកុំឱ្យខ្មោចបិសាចចូលផ្ទះបង្កឧបទ្រព្យចង្រៃ”។
នារាត្រីថ្ងៃទី ៣០ តេត គ្រួសារជនជាតិ Pa Then ទាំងអស់សុទ្ធតែបិទទ្វារ និងចាក់សោរ។
ទ្វារទាំងអស់ក្នុងផ្ទះត្រូវបានអ្នកភូមិបិទជិត។ ពេលនោះ
ម្ចាស់ផ្ទះនឹងយកចានទឹកពីអាសនៈដូនតាចុះមកលាងសម្អាត ប្តូរទឹកថ្មី
ហើយគ្រាន់តែចាក់ទឹកបន្ថែមជារៀងរាល់ ៦ ខែម្ដង។ នេះជាទំនៀមទម្លាប់ពិសេសមួយរបស់ជនជាតិ
Pa Then ដោយសក្ការៈបូជាទឹកមួយចានពេញមួយឆ្នាំនៅលើអាសនៈដូនតារបស់គ្រួសារ
ហើយត្រូវបានគ្របដោយថាស។ ចានទឹកនោះតំណាងឲ្យសមុទ្រ ដែលផ្ទុកព្រលឹងដូនតា និងសមាជិកគ្រួសារ។
ចានទឹកនេះមិនត្រូវបណ្ដោយឲ្យស្ងួតទឹកទេ ព្រោះបើវាស្ងួត
អ្នកណាម្នាក់ក្នុងគ្រួសារនឹងកើតជំងឺ ឬជួបគ្រោះអកុសល។ នៅរាត្រីថ្ងៃទី ៣០
បុណ្យតេតដែរ សមាជិកគ្រួសារនឹងទទួលទានអាហារពិសេសមួយពេលជាមួយគ្នា។ អ្នកស្រី Phu
Thi Thien បានឲ្យដឹងបន្ថែមទៀតថា៖
“នៅយប់ថ្ងៃទី
៣០ ជនជាតិ Pa Then នឹងញ៉ាំអាហារមួយពេល។ ដូច វង្សត្រកូល Phu
របស់ខ្ញុំនឹងញ៉ាំបបរ។ នៅយប់នោះ បុរស នឹងត្រៀមចម្អិនបបរ
ហើយញ៉ាំនៅព្រឹកថ្ងៃបន្ទាប់ ប៉ុន្តែមិនត្រូវឲ្យអ្នកណាឃើញឡើយ។ សម្រាប់វង្សត្រកូល Sin
គឺគេញ៉ាំបាយខ្សាយ។... វង្សត្រកូលនីមួយៗនឹងញ៉ាំអាហារផ្សេងៗគ្នា”។
នៅថ្ងៃទី ១ តេត ចាប់ពីម៉ោង ៤-៦ ព្រឹក សមាជិកគ្រួសារជនជាតិ Pa Then ក្រោកពីដំណេក ចេញទៅទីធ្លា ហើយក្រាបថ្វាយបង្គំទិសទាំងបួន
ដើម្បីបួងសួងអារក្សភូមិព្រះភ្នំ ព្រះទន្លេ
ប្រទានពរឲ្យឆ្នាំថ្មីមានអាកាសធាតុអំណោយផល គ្រួសារមានសុខភាពល្អ
បន្ទាប់មកធ្វើពិធីសែនដូនតា រួចបោសសម្អាតផ្ទះ ដើម្បីទទួលលាភសំណាងចូលផ្ទះ។ លោក Phu
Van Xue ភូមិ My Bac ឃុំ Tan Bac ស្រុក Quang Binh បានចែករំលែកថា៖
“ជនជាតិ Pa Then មានទំនៀមទម្លាប់ដ៏ល្អមួយនោះគឺទៅវាលស្រែនៅព្រឹកថ្ងៃទី ១ បុណ្យតេត។
ទៅវាលស្រែដើម្បីបួងសួងសុំឲ្យក្រុមគ្រួសារមានសុខភាពល្អនិងជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី;
ជាពិសេស បួងសួងសុំឲ្យមានរដូវអំណោផល
និងការប្រមូលផលបានច្រើនក្នុងឆ្នាំថ្មី”។
ក៏នៅព្រឹកថ្ងៃទី១ បុណ្យតេតដែរ ប្រជាពលរដ្ឋជនជាតិ Pa Then តែងតែធ្វើពិធីសុំទឹកពីប្រភពទឹក
ដើម្បីបួងសួងសុំទឹកស្អាតពេញមួយឆ្នាំសម្រាប់ភូមិ និងគ្រួសារ។ នៅថ្ងៃបន្ទាប់ៗ
ប្រជាពលរដ្ឋបានទៅលេងផ្ទះគ្នាទៅវិញទៅមក ដើម្បីជូនពរឆ្នាំថ្មី
និងចូលរួមលេងល្បែងកំសាន្ត។ តាមរយៈសកម្មភាពអបអរនិទាឃរដូវ ប្រជាពលរដ្ឋជនជាតិ Pa
Then តែងតែបួងសួងសុំព្រះអាទិទេព្យប្រទានពរដល់ពួកគេឱ្យមានអាកាសធាតុអំណោយផល
និងការប្រមូលផលល្អ ដើម្បីឱ្យជីវភាពរស់នៅមានតែសុខភាពល្អនិងសេចក្ដីសុខចម្រុងចម្រើន៕