ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនលោក He Wei។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកឯកអគ្គរដ្ឋទូត
He
Wei ពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខ
និងជូនពរឆ្នាំថ្មីរបស់លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ
Luong Cuong លោកប្រធានរដ្ឋសភា Tran Thanh Man និងរូបលោក ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋចិន។
លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ជាវិជ្ជមានរបស់ចិនហើយបានសង្កត់ធ្ងន់ថា
ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន
គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ
និងជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម
និងធ្វើពិពិធកម្មរបស់វៀតណាម។
លោកឯកអគ្គរដ្ឋទូត
He
Wei បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនគោរពទំនាក់ទំនងជាមួយវៀតណាម
ហើយជានិច្ចកាលចាត់ទុកទំនាក់ទំនងចិន-វៀតណាមជាអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាងរបស់ចិន។
លោកឯកអគ្គរដ្ឋទូតបានគោរពពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខ
និងសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ពីអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ
លោក Li Qiang ប្រធានរដ្ឋសភា លោក Zhao Leji ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក Wang Huning ទៅកាន់ថ្នាក់ដឹកនាំកំពូលវៀតណាម ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងឆ្នាំ
២០២៤ ផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ហើយនាពេលខាងមុខ
នឹងសម្របសម្រួលរៀបចំសកម្មភាពជាបន្តបន្ទាប់នៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រចិន-វៀតណាម
ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
(១៩៥០-២០២៥)៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម