នាប៉ុន្មានថ្ងៃនេះ អាណិកជនវៀតណាមនៅឯបរទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីជូនដំណើរឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ម្សាញ់សប្តស័ក ២០២៥។
នាយប់ថ្ងៃទី ២៥ មករា គណៈប្រតិភូជាង ៤០០អ្នក ជាតំណាងសហគមន៍ជនវៀតណាមនៅរដ្ឋធានីវៀងចន្ទន៍ សមាគមថៃ-វៀតណាមនៅខេត្ត NongKhai (ថៃ) បណ្តាក្លឹបជនរួមជាតិវៀតណាមដែលកំពុងរស់នៅប្រទេសឡាវ តំណាងស្ថានទូត និងសហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅប្រទេសឡាវបានចូលរួមពិធីជប់លៀងចុងឆ្នាំ រួមគ្នាក្រឡេកឆ្ពោះទៅឫសគល់ដោយក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមថ្មីដែលពោរពេញដោយភាពរីករាយ និងរំភើប។ ពិធីជប់លៀងចុងឆ្នាំនេះមានប្រធានបទ “និទាឃរដូវស្រុកកំណើត ចែករំលែកក្តីស្រលាញ់” នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមជនវៀតណាមនៅទីក្រុងវៀងចន្ទន៍ សំដៅរក្សាសម្រស់វប្បធម៌ប្រពៃណីរបស់ប្រជាជាតិ និងមានបំណងចង់នាំមកនូវបរិយាកាសបុណ្យតេតប្រពៃណីដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ។
នាថ្ងៃទី ២៥ មករា អាណិកជនវៀតណាមជាង ២០០ នាក់នៅចក្រភពអង់គ្លេសបានចូលរួមពិធីជប់លៀងអបអរសាទរបុណ្យតេតបប្រពៃណី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍។ ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់អាណិកជនវៀតណាមដើម្បីរំលឹកឡើងវិញនូវទំនៀមទម្លាប់ដ៏ល្អប្រសើរនៃបុណ្យតេតប្រពៃណី ហើយរីករាយជាមួយនឹងមុខម្ហូបដ៏សម្បូរបែបពោពេញទៅដោយរសជាតិនៃបុណ្យតេត ដូចជា នំអន្សោមជ្រុង ប្រហិត ណែមចៀន បាយដំណើបផ្លែ gac ជាដើម។ ពិធីនេះក៏មានការសំដែងដ៏រស់រវើកដោយសហគមន៍និស្សិតវៀតណាមនៅចក្រភពអង់គ្លេស ដែលនាំមកបរិយាកាសនិទាឃរដូវដ៏សប្បាយរីករាយដល់អ្នកដែលរស់នៅឆ្ងាយពីស្រុកកំណើត។
ចូលរួមក្នុងបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ ស្ថានទូតវៀតណាមប្រចាំនៅគុយបានាពេលថ្មីៗនេះបានរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត ២០២៥” ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ២០២៥ និងលើកតម្កើងចំណងសាមគ្គីភាពរបស់សហគមន៍ជនវៀតណាមនៅគុយបា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវជិត ២០០នាក់ រួមមានគ្រួសារអាណិកជនវៀតណាម និស្សិត កម្មាភិបាលនិងអ្នកជំនាញដែលកំពុងធ្វើការ និងសិក្សានៅប្រទេសសាមី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម