27/08/2021 20:59 GMT+7 Email Print Like 0

សេតវិមានសង្កត់ធ្ងន់លើ​ការបង្កើន​ទំនាក់ទំនងភាព​ជាដៃគូ​គ្រប់ជ្រុង​ជ្រោយ​វៀតណាម- សហរដ្ឋអាមេរិក

នាថ្ងៃទី ២៥ ខែសីហា សេតវិមានបានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់លើការបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅវៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់សហរដ្ឋអាមេរិកមិនត្រឹមតែចំពោះតំបន់ប៉ុណ្ណោះទេ ថែមទាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរទៀតផង។

ប្រធានរដ្ឋលោក Nguyen Xuan Phuc និងអនុប្រធានាធិបតីអាមេរិក Kamala Harris នៅក្នុងជំនួប (រូបថត៖ Thong Nhat/TTXVN)


យោងតាមការវាយតម្លៃរបស់សេតវិមានបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាមទទួលបានការបោះជំហានគួរឱ្យកត់សម្គាល់ ហើយភាគីទាំងពីរកំពុងសហប្រតិបត្តិការលើបញ្ហាជាច្រើន ចាប់ពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងត្រៀមរៀបចំសម្រាប់ការគំរាមកំហែងអំពីសន្តិសុខសុខាភិបាលនាពេលអនាគត ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ រហូតដល់ការជម្នះពុះពារលើផលវិបាកក្រោយសង្គ្រាម។ សហរដ្ឋអាមេរិកបានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមនិងជាទីផ្សារនាំចេញឈានមុខគេនៅទូទាំងពិភពលោក។

ទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំ និងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រវាងប្រទេសទាំងពីរបានជំរុញឲ្យពលរដ្ឋវៀតណាមប្រមាណ ៣ ម៉ឺននាក់បានបន្តការសិក្សានៅសហរដ្ឋអាមេរិក ដោយរួមចំណែកជិត ១ ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹង ថាក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវៀតណាមគឺភាពខ្លាំងមាំមួន វិបុលភាពនិងឯករាជ្យ ក៏ដូចជាតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព បើកចំហ និងចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ