30/08/2021 21:14 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បានលះបង់សេដ្ឋកិច្ច អនុវត្តន៍ការរក្សាគម្លាតសង្គមហើយ គឺត្រូវតែគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានតម្រូវឲ្យកំណត់និងត្រៀមស្មារតីជាស្រេចដើម្បីរួមរស់ សម្របខ្លួនទៅនឹងស្ថានភាពថ្មីនៃជម្ងឺរាតត្បាត ព្រមទាំងអនុវត្តន៍ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ គ្រប់គ្រងការឆ្លងរីករាលដាលដើម្បីផ្តោតលើការអនុវត្តភារកិច្ចនយោបាយនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VGP)


នៅព្រឹកថ្ងៃទី ២៩ ខែសីហា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មការជាមួយខេត្តក្រុងចំនួន២០; ខ័ណ្ឌ ស្រុកនិងទីរួមខេត្តចំនួន ២០៩; ឃុំ សង្កាត់ ទីរួមស្រុកចំនួន ១.០៦០ ដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គមនិងការរក្សាគម្លាតសង្គមកម្រិតខ្ពស់ ដើម្បីបង្ការប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩។

របាយការណ៍នៅក្នុងកិច្ចប្រជុំនេះបានឲ្យដឹងថា ចាប់តាំងពីការផ្ទុះរាលដាលលើកទី៤នៃជម្ងឺកូវីដ ១៩ កាលពីថ្ងៃទី២៧ មេសា មក លើទូទាំងប្រទេសបានកត់ត្រាករណីឆ្លងសរុបចំនួន ៤១៩.៦១៧ នាក់ ហើយចំនួនអ្នកជម្ងឺដែលបានជាសះស្បើយស្រូបយក ៥០%, ករណីស្លាប់មានចំនួន ១០.៣៧០ នាក់។ ខេត្តចំនួន ៨/៦២ បានឆ្លងកាត់រយៈពេល១៤ថ្ងៃជាប់ៗគ្នាហើយដោយមិនបានកត់ត្រាករណីថ្មីទេ ខណៈដែលខេត្តមួយមិនទាន់កត់ត្រាករណីឆ្លងណាមួយ (Cao Bang)។ នៅទីក្រុងហូជីមិញ និងខេត្ត Binh Duong ស្ថានភាពជម្ងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ចំនួនករណីថ្មីនៅតែត្រូវបានកត់ត្រាក្នុងកម្រិតខ្ពស់ (ប្រមាណ ៥០% ត្រូវបានកត់ត្រានៅក្នុងសហគមន៍) ហើយមាននិន្នាការកើនឡើងដោយសារតែការបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ។ នៅខេត្ត Long An និង Tien Giang ចំនួនករណីឆ្លងនៅក្នុងសហគមន៍មាននិន្នាការថយចុះប៉ុន្តែនៅតែខ្ពស់។ ចំពោះបណ្ដាខេត្តនៅ សេសសល់នៅភាគខាងត្បូង ស្ថានភាពជម្ងឺរាតត្បាតកំពុងត្រូវបានគ្រប់គ្រងជាបណ្ដើរៗ; ចំនួនករណីដែលត្រូវបានរកឃើញតាមរយៈការត្រួតពិនិត្យក្នុងសហគមន៍ (ចន្លោះពី ៧-១៥%) មាននិន្នាការថយចុះផងដែរ។ នៅទីក្រុងហាណូយនិងខេត្តក្រុងភាគកណ្តាលមួយចំនួនដូចជា Da Nang Khanh Hoa Phu Yen ជម្ងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រងជាស្ថាពរ អាស្រ័យដោយការអនុវត្តយ៉ាងប្ដូរផ្ដាច់នូវវិធានការបង្ការប្រឆាំង ហើយអនុវត្តន៍ការរក្សាគម្លាតសង្គមយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា។ ទោះយ៉ាងណាក៏ដោយ នៅតែមានហានិភ័យនៃការផ្ទុះជម្ងឺដែរ។

អញ្ជើញធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានតម្រូវឲ្យកំណត់និងត្រៀមស្មារតីជាស្រេចដើម្បីរួមរស់ សម្របខ្លួនទៅនឹងស្ថានភាពថ្មីនៃជម្ងឺរាតត្បាត ព្រមទាំងអនុវត្តន៍ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ គ្រប់គ្រងការឆ្លងរីករាលដាលដើម្បីផ្តោតលើការអនុវត្តភារកិច្ចនយោ បាយនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដោយឈរលើស្មារតីដាក់សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់ បណ្ដាខេត្ត ក្រុង ជាពិសេសគឺឃុំ សង្កាត់ ទីរួមស្រុក ចាំបាច់ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ ជាក់លាក់ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ៨៦ របស់រដ្ឋាភិបាល; ទប់ស្កាត់ រុញថយជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ ប្រកបដោយប្រសិទ្ធភាព កុំឲ្យបន្តអូសបន្លាយការរក្សាគម្លាតសង្គមទៀតឡើយ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “បានលះបង់សេដ្ឋកិច្ចនិងអនុវត្តន៍ការរក្សាគម្លាតសង្គមហើយ គឺយើងត្រូវតែសម្រេចបានគោលដៅបង្ការទប់ស្កាត់ជម្ងឺរាតត្បាត”។

ចំពោះការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំង លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងដែលត្រូវបានចាក់ឆាប់បំផុត។ ដូច្នេះ ចាំបាច់ត្រូវរៀបចំការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពតាមលំដាប់អាទិភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ