រាល់ការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាសកល សំដៅទប់ស្កាត់ការគំរាមកំហែងពីជំងឺរាតត្បាតថ្មីនាពេលខាងមុខនៅតែមានភាពយឺតយ៉ាវ និងរាយប៉ាយ ដែលនាំឲ្យពិភពលោកស្ថិតក្នុងស្ថានការណ៍មិនទាន់បានត្រៀមខ្លួនជាស្រេច ដូចកាល ដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង។ គណៈកម្មការអ្នកជំនាញឯករាជ្យបានប្រកាសដូច្នេះនៅក្នុងរបាយការណ៍ ដែលបានប្រកាសនាថ្ងៃទី ១៨ ឧសភា។
របាយការណ៍វាយតម្លៃរយៈពេលមួយឆ្នាំនេះបានឲ្យដឹងថា ពិភពលោកនៅតែកំពុងធ្វើសកម្មភាពរាយប៉ាយ ហើយប្រការនេះកំពុងបង្កើតបុព្វបទសម្រាប់ជំងឺរាតត្បាតផ្សេងទៀត។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី Clark បានអះអាងថា ជាទូទៅ ពិភពលោកនៅតែប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធដែលមានតាំងពីខែធ្នូ ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ននៃជំងឺរាតត្បាត។ យោងតាមលោកស្រីបានឲ្យដឹងថា ឧបករណ៍ទាំងនេះមិនគ្រប់គ្រាន់ឡើយ។
ម៉្យាងវិញទៀត លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការងារធ្វើកំណែទម្រង់នៅកម្រិតពិភពលោក ដើម្បីទប់ស្កាត់គ្រោះអាសន្នកើតមានជំងឹរាតត្បាតថ្មី ជាមួយយន្តការថ្មីៗជាច្រើន ដែលបានបង្កើតឡើងបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង ដើម្បីជួយចែកចាយវ៉ាក់សាំងប្រមាណ ១,៥ ពាន់លានដូសដល់ ប្រទេសក្រីក្រ។ បច្ចុប្បន្ននេះ ភាគីពាក់ព័ន្ធនានាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដើម្បីធានាប្រភពថវិកាប្រកបដោយសុវត្ថិភាព និងបត់បែនសម្រាប់ WHO ខណៈពេលដែលផែនការបង្កើតមូលនិធិឆ្លើយតបនឹងជំងឺរាតត្បាតកំពុងត្រូវបានកំណត់រូបរាងផងដែរ៕