ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ត្រូវតែមានសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក
នេះគឺជាការផ្លាស់ប្តូរជាមូលដ្ឋានបំផុត នៅក្នុងការយល់ឃើញ និងវិធីសាស្ត្រអភិក្រម។ នេះគឺជាប្រសាសន៍ដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ស្តីពីការតំរង់ទិសនៃការអភិវឌ្ឍឡូហ្ស៊ីស្ទិកជាតិ និងហេដ្ឋារចនាសម្ព័ន្ធឡូហ្ស៊ីស្ទិកដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក្នុងបរិបទអនុវត្តន៍គោលដៅកំណើនពីរខ្ទង់ ឡូហ្ស៊ីស្ទិកត្រូវតែក្លាយជាកម្លាំងចលករសម្រាប់កំណើន បង្កើនផលិតភាព កាត់បន្ថយចំណាយ បើកទូលាយលំហអភិវឌ្ឍន៍ និងបង្កើតប្រភពកំណើនថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្នើថា ត្រូវតែមានសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក និងចែក ចាយទំនិញដ៏សំខាន់នៅក្នុងតំបន់ និងពិភពលោក។
“ត្រូវអភិវឌ្ឍន៍បណ្តាញឡូហ្ស៊ីស្ទិកជាតិប្រកបដោយសមកាលកម្មនិងទំនើប ដែលភ្ជាប់ទៅនឹងការរៀបចំឡើងវិញនៃលំហសេដ្ឋកិច្ច និងការតភ្ជាប់អន្តរជាតិ។ ឡូហ្ស៊ីស្ទិកត្រូវតែបានចាត់ទុកថាជាប្រព័ន្ធឯកភាពមួយ ដែលក្នុងនោះ កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹក ច្រកទ្វារព្រំដែន មជ្ឈមណ្ឌលភស្តុភារ តំបន់ឧស្សាហកម្ម និងតំបន់ផលិតកម្មត្រូវបានតភ្ជាប់ និងដំណើរការស្របគ្នា រលូន និងមានប្រសិទ្ធភាព។ ការរៀបចំផែនការមេអភិវឌ្ឍន៍ឡូហ្ស៊ីស្ទិក ត្រូវតែឈានទៅមុខមួយជំហាន ដោយភ្ជាប់ទៅនឹងផែនការមេឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ផែនការទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកដល់ការបង្កើតច្រករបៀងសេដ្ឋកិច្ច ប៉ូលកំណើន និងលំហអភិវឌ្ឍន៍ថ្មី។ ជាពិសេស ត្រូវទាញយកអត្ថប្រយោជន៍ពីតំបន់ និងមូលដ្ឋាននីមួយៗ ពីបណ្តាញឡូហ្ស៊ីស្ទិកជាតិទាំងមូល។ ត្រូវយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតងទៅជាកម្លាំងចលករសម្រាប់ការធ្វើទំនើបកម្មឡូហ្ស៊ីស្ទិកវៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។
ដើម្បីអភិវឌ្ឍវិស័យឡូហ្ស៊ីស្ទិក អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកែលម្អស្ថាប័ន និងបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញឡូហ្ស៊ីស្ទិក តាមបណ្តោយច្រករបៀងសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាជីវកម្មនិងទីផ្សារសេវាកម្មឡូហ្ស៊ីស្ទិកក្នុងប្រទេស៕






