នេះគឺជាការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងសិនជិន ប្រទេសចិន។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចែករំលែកចក្ខុវិស័យ និងសំណើរបស់វៀតណាម ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ APEC ក្នុងដំណាក់កាលថ្មី។ នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃស្ថានភាពពិភពលោកនិងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើទិសដៅធំៗ ចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC។
ក្នុងនោះ APEC ត្រូវត្រួសត្រាយផ្លូវជំរុញបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគបើកចំហទូលំទូលាយ បង្កើតសន្ទុះថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច; ធានានូវលំហូរពាណិជ្ជកម្មប្រកបដោយភាពរលូន ស្ថិរភាព និងចីរភាព; ធានាដំណើរការជាប់លាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្រ; និងលើកកម្ពស់ភាពធន់ សមត្ថភាពសម្របខ្លួន ភាពម្ចាស់ការនៃខឿនសេដ្ឋកិច្ចនីមួយៗ និងតំបន់ទាំងមូល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានលើកឡើងថា APEC ចាំបាច់ត្រូវក្លាយជាកន្លែងបណ្តុះគំនិត និងជាបរិយាកាសសាកល្បងដ៏ល្អបំផុតសម្រាប់ក្របខ័ណ្ឌស្ថាប័នជំនាន់ថ្មី និងគំរូកំណើនដែលយកបច្ចេកវិទ្យា និងនវានុវត្តន៍ធ្វើជាកម្លាំងចលករ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យ APEC ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្ត និងរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ…។
ថ្នាក់ដឹកនាំ APEC បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ជាពិសេសទិសដៅធំៗសម្រាប់កិច្ចសហប្រតិបត្តិការ APEC ក្នុងដំណាក់កាលថ្មី។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តសេចក្តីថ្លែងការណ៍កំពូល និងឯកសារចំនួន ៣ រួមមាន៖ ក្របខ័ណ្ឌសហប្រតិបត្តិការ APEC ស្តីពីឌីជីថលូបនីយកម្មពាណិជ្ជកម្ម ឆ្នាំ ២០២៦-២០៣០; ការទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីសុខុមាលភាពរបស់ប្រជាជន; និងផែនការមេស្តីពីការតភ្ជាប់ APEC ឆ្នាំ ២០២៦-២០៣៥៕






