ព័ត៌មាន
សិប្បកម្មគំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO
នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ របស់វៀតណាមដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ។
សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៅខេត្ត Bac Ninh បានប្រសូត្រមកប្រហែល ៥០០ ឆ្នាំមុន។ សហគមន៍ប្រកបសិប្បកម្មនេះ បានបង្កើតគំនូរដែលមានលក្ខណៈពិសេស ទាក់ទងនឹងប្រធានបទ បច្ចេកទេសបោះពុម្ព ពណ៌ និងក្រាហ្វិក ដោយប្រើប្រាស់បច្ចេកទេសបោះពុម្ពលើឈើ។ ប្រធានបទនៃគំនូរភាគច្រើនរួមមានគំនូរសម្រាប់គោរពបូជា គំនូរអបអរសាទរ គំនូរប្រវត្តិសាស្ត្រ គំនូរជីវភាពប្រចាំថ្ងៃ គំនូរទេសភាព ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់នៃការព្យួរគំនូរនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណី និងបុណ្យសែនព្រះខែ។
លោក ម៉ៃ សឺន (Mai Son) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖ “ការដែលគំនូរប្រជាប្រិយ Dong Ho ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO គឺជាការទទួលស្គាល់របស់អន្តរជាតិ ចំពោះប្រភេទគំនូរប្រជាប្រិយ ដែលជាការរួមបញ្ចូលគ្នានៃបច្ចេកទេសសិប្បកម្មពិសេស ជាមួយនឹងអត្តសញ្ញាណវៀតណាម និងទស្សនវិជ្ជារបស់ប្រជាជនវៀតណាមដែលបានបង្ហាញនៅក្នុងគំនូរនីមួយៗ។ ការចុះបញ្ជីនេះ បានរួមចំណែកលើកកម្ពស់ឋានៈវប្បធម៌របស់ខេត្ត Bac Ninh នៅលើផែនទីបេតិកភណ្ឌពិភពលោក។ ដើម្បីត្រូវបានទទួលស្គាល់ដូចសព្វថ្ងៃនេះ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់សហគមន៍ជន Dong Ho និងសិប្បករជាច្រើនជំនាន់ ដែលបានបង្កើត ថែរក្សា និងបង្រៀនគំនូរប្រជាប្រិយ Dong Ho អស់រយៈពេលរាប់រយឆ្នាំមកហើយ”។
បច្ចុប្បន្ននេះ វៀតណាមមានបេតិកភណ្ឌសរុបចំនួន ៣៧ ដែលត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO ៕






