ព័ត៌មាន

សិប្បកម្ម​​គំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO

សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៃខេត្ត Bac Ninh ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅក្នុងសម័យប្រជុំលើកទី ២០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ របស់វៀតណាមដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ។

វិចិត្រករគំនូរ Dong Ho លោក Nguyen Dang Che រូបថត៖ VNA

សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៅខេត្ត Bac Ninh បានប្រសូត្រមកប្រហែល ៥០០ ឆ្នាំមុន។ សហគមន៍ប្រកបសិប្បកម្មនេះ បានបង្កើតគំនូរដែលមានលក្ខណៈពិសេស ទាក់ទងនឹងប្រធានបទ បច្ចេកទេសបោះពុម្ព ពណ៌ និងក្រាហ្វិក ដោយប្រើប្រាស់បច្ចេកទេសបោះពុម្ពលើឈើ។ ប្រធានបទនៃគំនូរភាគច្រើនរួមមានគំនូរសម្រាប់គោរពបូជា គំនូរអបអរសាទរ គំនូរប្រវត្តិសាស្ត្រ គំនូរជីវភាពប្រចាំថ្ងៃ គំនូរទេសភាព ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់នៃការព្យួរគំនូរនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណី និងបុណ្យសែនព្រះខែ។

លោក ម៉ៃ សឺន (Mai Son) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖ “ការដែលគំនូរប្រជាប្រិយ Dong Ho ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO គឺជាការទទួលស្គាល់របស់អន្តរជាតិ ចំពោះប្រភេទគំនូរប្រជាប្រិយ ដែលជាការរួមបញ្ចូលគ្នានៃបច្ចេកទេសសិប្បកម្មពិសេស ជាមួយនឹងអត្តសញ្ញាណវៀតណាម និងទស្សនវិជ្ជារបស់ប្រជាជនវៀតណាមដែលបានបង្ហាញនៅក្នុងគំនូរនីមួយៗ។ ការចុះបញ្ជីនេះ បានរួមចំណែកលើកកម្ពស់ឋានៈវប្បធម៌របស់ខេត្ត Bac Ninh នៅលើផែនទីបេតិកភណ្ឌពិភពលោក។ ដើម្បីត្រូវបានទទួលស្គាល់ដូចសព្វថ្ងៃនេះ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់សហគមន៍ជន Dong Ho និងសិប្បករជាច្រើនជំនាន់ ដែលបានបង្កើត ថែរក្សា និងបង្រៀនគំនូរប្រជាប្រិយ Dong Ho អស់រយៈពេលរាប់រយឆ្នាំមកហើយ”។

បច្ចុប្បន្ននេះ វៀតណាមមានបេតិកភណ្ឌសរុបចំនួន ៣៧ ដែលត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO ៕


top