ដោយសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ មេដឹកនាំទាំងពីរបានឯកភាព ជួយសម្រួលដល់ការបើកទីផ្សារសម្រាប់មុខទំនិញដែលជាប្រៀបខ្លាំងរបស់ប្រទេសម្ខាង ជ្រៀតចូលទីផ្សាររបស់ប្រទេសម្ខាងទៀត សំដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារ និងបង្កើនការវិនិយោគទ្វេភាគីបន្ថែមទៀត។
ប្រធានាធិបតីស្រីលង្កាបានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកទឹកចិត្តសហគ្រាសវៀតណាមមកបណ្តាក់ទុនលើវិស័យយុទ្ធសាស្ត្រដែលស្រីលង្កាមានតម្រូវការខ្ពស់ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ អប់រំ សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃកសិកម្ម ម្ហូបអាហារ ការលក់រាយ ឡូជីស្ទិក និងទេសចរណ៍។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ សាសនា សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ពង្រឹងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ការដឹកជញ្ជូនតាមសមុទ្រ និងការតភ្ជាប់តាមសមុទ្រ; លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរឱ្យពិចារណាបើកជើងហោះហើរត្រង់។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៥ ក្នុងវិស័យការទូត ពាណិជ្ជកម្ម ពន្ធគយ កសិកម្ម និងការផលិតគ្រឿងម៉ាស៊ីន៕