ព័ត៌មាន
លោកប្រធានរដ្ឋ លឿង គឿង ផ្ញើលិខិតអបអរសាទរដល់ស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលហោះហើរចូលទៅកាន់លំហអវកាស
ជើងហោះហើរនេះត្រូវបានគេហៅថាបេសកកម្ម NS-31 ដែលជាគម្រោងដឹកមនុស្សហោះហើរចូលទៅកាន់អវកាសលើកទី១១ របស់ក្រុមហ៊ុន Blue Origin។ ក្រុមអវកាសយានិកដែលត្រូវបានជ្រើសរើសគឺជាស្ត្រីឆ្នើមក្នុងវិស័យជាច្រើន ក្នុងនោះមានអ្នកស្រី Amanda Nguyen ដែលជាស្ថាបនិក និងជាអគ្គនាយិកានៃអង្គការក្រៅរដ្ឋាភិបាល RISE។ បន្ទាប់ពីការហោះហើរ អ្នកស្រី Amanda Nguyen បានក្លាយជាស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលបានហោះហើរចូលទៅកាន់លំហអវកាស។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានចូលរួមទស្សនាការហោះហើររបស់យាន New Shepard ហើយបានប្រគល់លិខិតរបស់ប្រធានរដ្ឋវៀតណាម លឿង គឿង ជូនអ្នកស្រី Amanda Nguyen។ ក្នុងលិខិត លោកប្រធានរដ្ឋបានសម្តែងនូវសេចក្តីរីករាយ និងមោទនភាព នៅពេលដែលស្ត្រីដើមកំណើតវៀតណាមដំបូងគេបានហោះហើរទៅកាន់លំហអវកាស តាមនោះបញ្ជាក់ពីទេពកោសល្យ និងបញ្ញារបស់ជនវៀតណាមនៅអាមេរិក និងនៅលើពិភពលោកផងដែរ។ លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអ្នកស្រី Amanda Nguyen និងមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ដែលជួយជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម៕