សមាជិកសភាភាគច្រើនបានចាត់ទុកថា ទោះបីជាបរិបទពិភពលោក និងតំបន់មានអស្ថិរភាព ដោយសារជម្លោះភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងប្រទេសធំៗ និងគោលនយោបាយពន្ធដារទៅវិញទៅមករបស់អាមេរិកក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមនៅតែទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤% សម្រាប់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដែលធានាបាននូវតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ច ជាពិសេសអតិរេកពាណិជ្ជកម្មបន្តបន្ទាប់ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅវៀតណាមសម្រេចបានជាង ៤.៣០០ ដុល្លារអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ បើយោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក។ លោក Tran Hoang Ngan ប្រតិភូរដ្ឋសភានៃទីក្រុងហូជីមិញបានចូលរួមមតិថា៖
“យើងត្រូវតែស្វិតស្វាញ់ក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន៣ អំពីរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ លោកអគ្គលេខាបក្សបានកំណត់ថា របៀបរបបជាចំណុចកកស្ទះនៃបណ្តាចំណុចកកស្ទះ។ ក្នុងសម័យប្រជុំរដ្ឋសភានេះ យើងបានអនុម័ត ហើយនឹងអនុម័តច្បាប់ និងសេចក្តីសម្រេចចំនួន ៦៥ ដែលមានអត្ថន័យសំខាន់។ យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកម្លាំងជំរុញប្រពៃណីចំនួន ៣ រួមមាន៖ ការនាំចេញ ការវិនិយោគ និងការប្រើប្រាស់។ ដោយឡែក ការប្រើប្រាស់ផ្តោតលើការប្រើប្រាស់ក្នុងស្រុក។ មានគោលនយោបាយបើកកម្លាំងជំរុញថ្មីចំនួន៣។ ទាំងនេះគឺជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់កម្លាំងជំរុញនៃលំហអភិវឌ្ឍន៍ថ្មីពីអង្គភាពរដ្ឋបាលខេត្ត និងក្រុងថ្មីទាំង ៣៤។ ប្រសិនបើអនុវត្តព្រមៗគ្នា នឹងជួយយើងបង្កើនល្បឿន”។
ក៏នៅព្រឹកថ្ងៃទី១៧ ខែមិថុនា រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់សហគ្រាស; សេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕