ព័ត៌មាន
យុវជនវៀតណាម “ខ្លួនទីពឹងខ្លួន – ដើរជួរមុខក្នុងនវានុវត្តន៍ – សេចក្តីប្រាថ្នាចូលរួមចំណែក – ធ្វើជាម្ចាស់លើអនាគត”
លោកអគ្គលេខាបក្សបានស្នើរថា នៅក្នុងការសិក្សារៀនសូត្រ យុវជនត្រូវកសាងសមត្ថភាពនៃការត្រិះរិះពិចារណា ការគិតជាប្រព័ន្ធ សមត្ថភាពសិក្សាពេញមួយជីវិត ស្ទាត់ជំនាញភាសាបរទេស ជំនាញឌីជីថល និងវិធីស្រាវជ្រាវវិទ្យាសាស្ត្រ។ ក្នុងវិស័យពលកម្ម ត្រូវតែគោរពតាមវិន័យ និងនីតិវិធី ប៉ុន្តែមិនទទួលយកនូវទម្លាប់ចាស់គំរឹល ហើយមិនស្កប់ស្កល់នឹងអ្វីដែលមានស្រាប់ឡើយ។ ក្នុងផលិតកម្ម និងអាជីវកម្ម ត្រូវម្ចាស់ការអនុវត្តបច្ចេកវិទ្យា កែលម្អគុណភាពគ្រប់គ្រង បង្កើនផលិតភាពនិងកសាងម៉ាកយីហោវៀតណាមតាមរយៈគុណភាព និងនវានុវត្តន៍។ ក្នុងវិស័យសាធារណៈ យុវជនត្រូវចូលរួមចំណែកក្នុងការកសាងសេវារដ្ឋបាលទំនើប តម្លាភាព សុពលភាព និងប្រសិទ្ធភាព។ ក្នុងវិស័យវប្បធម៌ សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ យុវជនគួរតែម្ចាស់ការ នាំយកដំណោះស្រាយថ្មីៗទៅក្នុងការអនុវត្តជាក់ស្តែង រក្សាអត្តសញ្ញាណ និងការពារមាតុភូមិទាំងក្នុងពិភពពិត និងពិភពឌីជីថល។ សរុបមក យុវជនសព្វថ្ងៃនេះអាចដាក់ចេញនូវ បាវចនាថា “ខ្លួនទីពឹងខ្លួន - ដើរជួរមុខក្នុងនវានុវត្តន៍ - សេចក្តីប្រាថ្នាចូលរួមចំណែក - ធ្វើជាម្ចាស់លើអនាគត”។
ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ រដ្ឋត្រូវបន្តកែលម្អស្ថាប័ន លុបបំបាត់ឧបសគ្គ និងបង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយតម្លាភាព និងអំណោយផលសម្រាប់នវានុវត្តន៍; ស្ថាប័នអប់រំត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងនូវវិធីសាស្រ្តបង្ហាត់បង្រៀននិងរៀនសូត្រ ដោយផ្តោតលើការអភិវឌ្ឍការគិតដោយឯករាជ្យ សមត្ថភាពដោះស្រាយបញ្ហា ជំនាញសហការ និងការអនុវត្តជាក់ស្តែង។ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញត្រូវបន្តផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការ ដោយក្លាយជាដៃគូរបស់យុវជនយ៉ាងពិតប្រាកដ ជាដំបូលផ្ទះរួមសម្រាប់ប្រមូលផ្តុំ លើកទឹកចិត្ត ស្វែងរក ចិញ្ចឹមបីបាច់ និងគាំទ្រអ្នកមានទេពកោសល្យវ័យក្មេង។
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម សង្ឃឹមថា យុវជនវៀតណាមនឹងបន្តរក្សាប្រពៃណី បណ្តុះសេចក្តីប្រាថ្នាចូលរួមចំណែក ពង្រឹងបញ្ញា ចរិតលក្ខណៈ បណ្តុះក្រមសីលធម៌ លើកកម្ពស់សមត្ថភាពនវានុវត្តន៍ ធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងហ៊ានចូលរួមក្នុងវិស័យថ្មីៗ កិច្ចការលំបាកៗ និងការងារដែលមិនធ្លាប់មានពីមុនមក៕







