អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា៖ វៀតណាមកំពុងខិតខំឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ឆ្ពោះទៅគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដូច្នេះ វៀតណាមសង្ឃឹមថា រូបភាពនៃប្រទេសបារាំង ដែលជាមិត្តប្រពៃណីនឹងបន្តមានក្នុងដំណើរឆ្ពោះទៅរកវិបុលភាព សម្បូររុងរឿងនិងអរិយធម៌របស់វៀតណាម។
“ជាមួយនឹងការតម្រង់ទិស យកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍ វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋបារាំង ដែលជាប្រទេសមានបទពិសោធន៍និងមូលដ្ឋានបច្ចេកវិទ្យាជឿនលឿន រួមសហការកសាងគម្រោងអភិវឌ្ឍន៍ មិនត្រឹមតែបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយបញ្ហាបន្ទាន់របស់មនុស្សជាតិទៀតផង។ យើងខ្ញុំជឿជាក់ថា ដោយមានមូលដ្ឋានប្រវត្តិសាស្ត្រដ៏យូរលង់ ការជឿទុកចិត្តយ៉ាងស៊ីជម្រៅ ការឯកភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - បារាំងនឹងបន្តរីកចម្រើន សម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ថ្មីៗ សក្តិសមទៅនឹងសក្តានុពល ការរំពឹងទុក និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ”។
ជាការឆ្លើយតប លោកប្រធានាធិបតី Emmanuel Macron បានមានប្រសាសន៍ថា ស្ពានដែលនាំប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា គឺជាស្ពានដែលកសាងឡើងដោយសហគមន៍បារាំង-វៀតណាម ដោយហេតុនេះបង្កើតបាននូវភាពសុខដុមរមនារវាងវប្បធម៌ទាំងពីរ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏រឹងមាំដែលចងភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានាធិបតី Macron បានអះអាងថា បារាំងតែងតែប្រគៀកស្មារជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចក្នុងការកសាង “ស្ពាន” ផ្សេងទៀតក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា។ លោកប្រធានាធិបតីបារាំងក៏បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចលើកនេះ ដោយបើកយថាទស្សន៍ជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី៕









