របាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ផ្តោតលើការវិភាគគ្រឹស្ថាននៃម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ឥទ្ធិពលនៃសមាហរណកម្មអន្តរជាតិក្នុងការទាក់ទាញការវិនិយោគពីបរទេស និងពាណិជ្ជកម្មអន្តរជាតិនៅវៀតណាម ក៏ដូចជាយថាទស្សន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប។ របាយការណ៍ក៏បានផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការបន្តឆ្ពោះទៅរកខឿនសេដ្ឋកិច្ចប្រកបដោយសមាហរណកម្ម តម្លាភាព និរន្តរភាព និងបរិយាប័ន្ន។ លោក Alvaro Pereira ប្រធានសេដ្ឋវិទូ OECD បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានបំណងចង់ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ យើងដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវបន្តកំណែទម្រង់រឹងមាំ បន្តវិនិយោគលើវិស័យអប់រំ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បើកទ្វារសម្រាប់កំណើននាំចេញបន្ថែមទៀត។ ប្រការដ៏សំខាន់ជាពិសេសនាបច្ចុប្បន្ន គឺថាវៀតណាមជាប្រទេសដែលមានប្រជាជនវ័យក្មេង ហើយអ្នកកំពុងទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីធនធាននេះ។ ប៉ុន្តែ ដូចប្រទេសទាំងអស់នៅលើពិភពលោកដែរ វៀតណាមក៏ត្រូវការកំណែទម្រង់ និងរចនាសម្ព័ន្ធរឹងមាំ ដើម្បីផ្លាស់ប្តូរ កែលម្អផលិតភាពនិងគុណភាពការងារ”។
ក្នុងសារផ្ញើរទៅកាន់ព្រឹត្តិការណ៍នេះ អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម អះអាងពីការគាំទ្ររបស់អង្គការនេះ ហើយសន្យាបន្តជួយឧបត្ថម្ភវៀតណាមដើម្បីសម្រេចបាននូវគោលដៅកំណើនខ្ពស់នាពេលខាងមុខ៕