នៅក្នុងជំនួបនេះ ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune. និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតម្លៃថា ចំណងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអាល់ហ្សេរី គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលត្រូវការថែរក្សា ពង្រីក និងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ស្របតាមបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបបានបង្កើតឡើង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា ភាគីទាំងពីរត្រូវបង្កើតផែនការសកម្មភាពជាក់ស្តែងក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីសង្ឃឹមថា លោកប្រធានាធិបតី Abdelmadjid Tebboune នឹងដឹកនាំរដ្ឋសភាអាល់ហ្សេរី ឱ្យអនុម័តលើកិច្ចព្រមព្រៀង និងគាំទ្រការពង្រីកគម្រោងធ្វើអាជីវកម្មប្រេងរ៉ែ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ ផលិតកម្មកសិកម្ម ការកែច្នៃជលផល; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល; ជំរុញការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍។
ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានបញ្ជាក់ថា លោកនឹងគាំទ្រយ៉ាងខ្លាំង និងដឹកនាំអាជ្ញាធរអាល់ហ្សេរីឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តការសន្យា កិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងឆាប់អនុវត្តន៍ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈគម្រោង និងសកម្មភាពជាក់ស្តែង៕









