ថ្លែងមតិក្នុងវេទិកា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនឹងភាពប្រែប្រួលជាច្រើន សេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីការស្តារឡើងវិញជាវិជ្ជមាន និងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្នវិនិយោគិនអ៊ីតាលីមានគម្រោងចំនួន ១៦២ នៅក្នុងប្រទេស វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ៦២៤ លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥១ ដែលវិនិយោគនៅវៀតណាម។ ផ្ទុយទៅវិញ វៀតណាមបានវិនិយោគក្នុងគម្រោងចំនួន ១១ នៅអ៊ីតាលី ដោយមានទុនវិនិយោគសរុបជិត ៧០០ ពាន់ដុល្លារ។ លោករដ្ឋមន្ត្រីបានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាមនិងអ៊ីតាលី នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។
នៅក្នុងវេទិកានេះ លោក Raffaele Cattaneo រដ្ឋលេខាធិការតំបន់ Lombardy បានចែករំលែកអំពីកាលានុវត្តភាព និងសក្តានុភាពក្នុងការតភ្ជាប់ការវិនិយោគនៅវៀតណាមសម្រាប់អាជីវកម្មអ៊ីតាលី។ លោកបានបន្តថា ពាណិជ្ជកម្មវៀតណាម-អ៊ីតាលីពេលនេះកាន់តែមានភាពងាយស្រួលដោយមានជើងហោះហើរត្រង់ទៅ Milan។ រដ្ឋលេខាធិការ តំបន់ Lombardy បានសម្តែងនូវបំណងចង់សហការជាមួយតំបន់មួយចំនួននៅវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព៕