លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ដើម្បីសម្រេចបានគោលដៅកំណើនចន្លោះពី ៩ - ៩,៥%/ឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តដុងថាបត្រូវតែអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវយន្តការ គោលនយោបាយនានា ដោយផ្តោតលើការកសាងសេណារីយ៉ូកំណើន វិធីសាស្រ្តកំណើន ហើយផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៖
“ខេត្តដុងថាប ត្រូវតែបង្កើតកម្មវិធី និងសេណារីយ៉ូសម្រាប់កំណើនពីរខ្ទង់ ហើយប្រគល់ទៅឱ្យមន្ទីរ វិស័យ មូលដ្ឋាន និងសហគ្រាសនៅក្នុងខេត្ត។ ជាក់ស្ដែងគឺ តើឧស្សាហកម្ម និងកសិកម្មគួរសម្រេចបានអត្រាកំណើនប៉ុន្មាន? ដោយផ្អែកលើសេណារីយ៉ូកំណើនបែបនេះ តើខេត្តត្រូវការថវិកាមជ្ឈិមប៉ុន្មាន ហើយតើថវិកាប៉ុន្មាន ជាការកៀរគរធនធានសង្គមពីវិនិយោគិនក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស? ដោយផ្អែកលើគោលដៅបែបនេះ ទើបអាចបង្កើតសេណារីយ៉ូប្រតិបត្តិការលម្អិតបាន”។
រួមជាមួយគ្នានោះ ខេត្តត្រូវតែជំរុញខ្លាំងការបែងចែក និងបញ្ចេញដើមទុនវិនិយោគសាធារណៈឆ្នាំ ២០២៦; ម្ចាស់ការផ្ទេរដើមទុនពីគម្រោងដែលបញ្ចេញទុនយឺតយ៉ាវ ទៅឲ្យគម្រោងដែលមានសមត្ថភាពបញ្ចេញល្អជាង និងត្រូវការដើមទុនបន្ថែម។ លើសពីនេះ ខេត្តត្រូវតែកំណត់គំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ក៏ដូចជាសក្តានុពល គុណសម្បត្តិប្រកួតប្រជែង និងធនធានដែលមានស្រាប់របស់ខេត្តផងដែរ៕






