ក្រៅពីសកម្មភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់វៀតណាម ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ សិល្បៈជាច្រើន ដើម្បីផ្សព្វផ្សាយរូបភាពនៃទឹកដី មនុស្សវៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ ទាំងនេះគឺជាព័ត៌មានដែលត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីឆ្នាំ APEC ២០២៧ ដែលរៀបចំដោយគណៈកម្មាធិការជាតិ APEC ២០២៧ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu ប្រធានលេខាធិការដ្ឋានជាតិសម្រាប់ APEC ២០២៧ បានបញ្ជាក់ថា ដោយបន្តភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះពីរដងក្នុងឆ្នាំ ២០០៦ និង ២០១៧ ឆ្នាំ APEC ២០២៧ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរជិត ៣០ ឆ្នាំរបស់វៀតណាមក្នុងការចូលរួមវេទិកានេះ។ ដោយផ្អែកលើសមិទ្ធផលនៃ APEC ២០២៦ និងឆ្ពោះទៅរកការអនុវត្តចក្ខុវិស័យ APEC ២០៤០ ប្រទេសវៀតណាមបានជ្រើសរើសប្រធានបទ "រួមគ្នាស្ថាបនាយុគសម័យថ្មីនៃភាពធន់ នវានុវត្តន៍ និងវិបុលភាពរួម" ព្រមទាំងបានស្នើឡើងអាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការ៖ ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់; ការបង្កើនភាពធន់ ភាពស្វាហាប់នៃសេដ្ឋកិច្ច និងគុណភាពជីវភាពរបស់ប្រជាជន។
សកម្មភាពជាង ២០០ ក្នុងអំឡុងឆ្នាំ APEC ២០២៧ នឹងត្រូវបានប្រារព្ធឡើងនៅក្នុងខេត្ត និងក្រុងចំនួន ៧។ សប្តាហ៍កិច្ចប្រជុំកំពូល APEC គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ ២០២៧ នៅ ភូក្វុក ខេត្តអានយ៉ាង។ សប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៧ ត្រូវបានគេរំពឹងថានឹងទទួលស្វាគមន៍ប្រតិភូជាង ១០ ពាន់នាក់ និងអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាង ៣ ពាន់នាក់៕





