ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ
ថ្លែងក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានលើកឡើងយ៉ាងច្បាស់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅរោងមហោស្រពធំទីក្រុងហាណូយ លោកប្រធានហូជីមិញ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ។ មហាសន្និបាតបានមរតកពីស្មារតីនៃគម្រោងស្តីពីវប្បធម៌វៀតណាម ឆ្នាំ១៩៤៣ ជាមួយនឹងគោលការណ៍ទាំងបីគឺ ជាតិ វិទ្យាសាស្ត្រ មហាជន ដោយដាក់វប្បធម៌នៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។
“នៅក្នុងមហាសន្និបាត លោកប្រធានហូជីមិញ បានអះអាងថា៖ “វប្បធម៌ត្រូវបំភ្លឺផ្លូវសម្រាប់ប្រជាជាតិដើរ”។ លោកបានយកសុភមង្គលរបស់ប្រជាជនធ្វើជាគ្រឹះសម្រាប់វប្បធម៌ថ្មី លើកកម្ពស់ស្មារតីម្ចាស់ការ ដាស់តឿនយើងឱ្យរៀនសូត្រនូវអ្វីដែលល្អរបស់ពិភពលោក កែលម្អទម្លាប់អាក្រក់នៅក្នុងសង្គម និងយកចិត្តទុកដាក់ដល់យុវជនជំនាន់ក្រោយ។ ការយកចិត្តទុកដាក់លើវប្បធម៌ គឺជាការប្រមូលផ្តុំទឹកចិត្តប្រជាជន ប្រែក្លាយទឹកចិត្តស្នេហាជាតិរបស់មនុស្សម្នាក់ៗ ឱ្យទៅជាកម្លាំងសកម្មភាពឯកភាពរបស់ប្រជាជាតិទាំងមូល។ មេរៀននោះនៅតែរក្សាបាននូវតម្លៃដើមរហូតមកដល់សព្វថ្ងៃនេះ”។
នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី សេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តលេខ ២៨ របស់រដ្ឋសភា បានកំណត់នូវគោលមាគ៌ា និងគោលនយោបាយអភិវឌ្ឍន៍វប្បធម៌។ ប្រការដែលសំខាន់គឺការនាំយកសេចក្តីសម្រេចចិត្តទាំងនោះចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់តួនាទីរបស់វប្បធម៌ក្នុងការតម្រង់ទិសអភិវឌ្ឍន៍ប្រទេសជាតិ ផ្សារភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយគុណភាពជីវភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់មនុស្ស។
“វប្បធម៌ត្រូវតែតម្រង់ទិសចាប់ពីការជ្រើសរើសគោលដៅ ការដាក់ចេញសេចក្តីសម្រេចចិត្ត រហូតដល់ការរៀបចំអនុវត្ត។ សេចក្តីសម្រេចចិត្តនីមួយៗត្រូវគិតគូរពីផលប៉ះពាល់ចំពោះមនុស្ស បរិយាកាសរស់នៅ បេតិកភណ្ឌ និងផលប្រយោជន៍យូរអង្វែងរបស់ប្រជាជន។ កំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមនឹងវឌ្ឍនភាព យុត្តិធម៌សង្គម ការពារបរិស្ថាន បង្កលក្ខណៈដើម្បីឱ្យមនុស្សអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដោយមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។ ទឹកចិត្តស្នេហាជាតិ ស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក ត្រូវតែពូនជ្រំជារៀងរាល់ថ្ងៃ។ នៅពេលដែលប្រជាជនជឿជាក់ និងរួមគ្នារែកពុនកិច្ចការរួម យើងនឹងមានកម្លាំងបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិ”។
ដោយសង្កត់ធ្ងន់ថា ថ្ងៃទី២៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំត្រូវបានជ្រើសរើសជាទិវាវប្បធម៌វៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ សង្ឃឹមថា សកម្មភាពនានានឹងត្រូវបានរៀបចំឡើងប្រកបដោយភាពជាក់ស្តែង សន្សំសំចៃ បង្កលក្ខណៈដើម្បីឱ្យប្រជាជនចូលរួម ទទួលបានជីវភាពវប្បធម៌ និងបណ្តុះក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ៕







