ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ វៀតណាមនិងប៉ូឡូញ ត្រូវបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៦ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ
ជាមួយគ្នានោះ លើកទឹកចិត្តប៉ូឡូញឲ្យក្លាយជាអ្នកវិនិយោគឈានមុខគេនៃតំបន់អឺរ៉ុបកណ្តាល និងខាងកើតនៅវៀតណាម។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មប៉ូឡូញបើកទូលាយការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ ភស្តុភារកម្មសមុទ្រ ដំឡើងកប៉ាល់ វិទ្យាសាស្ត្រសមុទ្រ ការពារបរិស្ថានសមុទ្រ និងអភិបាលកិច្ចសេដ្ឋកិច្ចសមុទ្រ; ជំរុញកិច្ចសហប្រតិបត្តិការ និងការស្រាវជ្រាវក្នុងឧស្សាហកម្មការពារជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងជីវបច្ចេកវិទ្យា…។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូស បានអះអាងថា រដ្ឋាភិបាលប៉ូឡូញនឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចនេះឱ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការ លទ្ធភាពបង្កើតលក្ខណៈទម្លុះទម្លាយដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ ឧស្សាហកម្ម ឱសថ ថែទាំសុខភាព ទេសចរណ៍ និងបញ្ញាសិប្បនិម្មិត។
នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា (ហាណូយ) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភាជាមួយសភាប៉ូឡូញ។ រដ្ឋសភាវៀតណាមនឹងបង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដ៏អំណោយផល និងមានតម្លាភាព បង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងពង្រឹងទំនុកចិត្តរបស់អាជីវកម្មទាំងក្នុងនិងក្រៅប្រទេស ដោយបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយប៉ូឡូញ។
នៅល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Donald Tusk និងគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យចាប់ពីថ្ងៃទី ២៤-២៦ ខែតុលា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង៕






