ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ វៀតណាមនិងប៉ូឡូញ ត្រូវបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៦ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ

អញ្ជើញថ្លែងនៅក្នុងពិធីទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក ដូណាល់ ទូស្ក (Donald Tusk) នាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឲ្យភាគីទាំងពីរបង្កើតការទម្លាយថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការ ដោយខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៦ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ តាមទិសដៅតុល្យភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានោះ លើកទឹកចិត្តប៉ូឡូញឲ្យក្លាយជាអ្នកវិនិយោគឈានមុខគេនៃតំបន់អឺរ៉ុបកណ្តាល និងខាងកើតនៅវៀតណាម។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មប៉ូឡូញបើកទូលាយការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹមទទួលជួបជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk។ រូបថត៖ VNA

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ ភស្តុភារកម្មសមុទ្រ ដំឡើងកប៉ាល់ វិទ្យាសាស្ត្រសមុទ្រ ការពារបរិស្ថានសមុទ្រ និងអភិបាលកិច្ចសេដ្ឋកិច្ចសមុទ្រ; ជំរុញកិច្ចសហប្រតិបត្តិការ និងការស្រាវជ្រាវក្នុងឧស្សាហកម្មការពារជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងជីវបច្ចេកវិទ្យា…។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូស បានអះអាងថា រដ្ឋាភិបាលប៉ូឡូញនឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចនេះឱ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការ លទ្ធភាពបង្កើតលក្ខណៈទម្លុះទម្លាយដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ ឧស្សាហកម្ម ឱសថ ថែទាំសុខភាព ទេសចរណ៍ និងបញ្ញាសិប្បនិម្មិត។

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន ទទួលជួបនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk។ រូបថត៖ VNA

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា (ហាណូយ) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភាជាមួយសភាប៉ូឡូញ។ រដ្ឋសភាវៀតណាមនឹងបង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដ៏អំណោយផល និងមានតម្លាភាព បង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងពង្រឹងទំនុកចិត្តរបស់អាជីវកម្មទាំងក្នុងនិងក្រៅប្រទេស ដោយបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយប៉ូឡូញ។

នៅល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Donald Tusk និងគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យចាប់ពីថ្ងៃទី ២៤-២៦ ខែតុលា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង៕


top