ព័ត៌មាន
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ចាំបាច់ត្រូវស្វិតស្វាញ មនុស្សធម៌ របៀបរាបរយ និងបញ្ចុះបញ្ចូលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ដោយអនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ក្រោយពីសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នាព្រឹកថ្ងៃទី២៣ មិថុនា អគ្គលេខាបក្សលោក Nguyen Phu Trong រួមទាំងសមាជិករដ្ឋសភានៃមណ្ឌលបោះឆ្នោតលេខ ១ គណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយបានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតតាមបណ្ដាខ័ណ្ឌ Ba Dinh Dong Da និង Hai Ba Trung។ ជំនួបសំណេះសំណាលនេះបានរៀបចំឡើងតាមទម្រង់ផ្ទាល់មុខ និងអនឡាញ ដោយមានការចូលរួមរបស់ម្ចាស់ឆ្នោតជាង ១ ២០០ នាក់ សំដៅរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី៣ និងឆ្លើយតបទៅនឹងសំណើររបស់ម្ចាស់ឆ្នោត។
នៅក្នុងជំនួបសំណេះសំណាល ម្ចាស់ឆ្នោតជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដឹកនាំ និងសម្របសម្រួលរបស់រដ្ឋាភិបាលនារយៈពេលកន្លងទៅ ដោយចាត់ទុកថារាល់របៀបវារៈនៅសម័យប្រជុំដែលរដ្ឋសភាបានជ្រើសរើសគឺសុទ្ធតែជាបញ្ហាចាំបាច់ ហើយមានអត្ថន័យដ៏សំខាន់ក្នុងការស្ដារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្រោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេស ម្ចាស់ឆ្នោតបានសម្ដែងការគោរព ជំនឿជឿជាក់ ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកអគ្គលេខាបក្ស របស់គណៈកម្មការដឹកនាំមជ្ឈឹមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ ភាពអសកម្មក្នុងសំណុំរឿងមួយចំនួន ដែលកើតមានឡើងនារយៈពេលកន្លងទៅ។
ទាក់ទងនឹងការងារប្រយុទ្ធប្រឆាំង អំពើពុករលួយ និងភាពអសកម្មនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ទស្សនៈឥតងាករេរបស់មជ្ឈឹមគឺត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មយ៉ាងស្វិតស្វាញ មនុស្សធម៌ របៀបរាបរយ និងបញ្ចុះបញ្ចូល។ ដំណើរការផាកវិន័យកម្មាភិបាល ដែលរំលោភបំពានត្រូវបានអនុវត្តន៍យ៉ាងហ្មត់ចត់ របៀបរាបរយតាមគោលការណ៍របស់បក្ស និងច្បាប់។
លោកអគ្គលេខាបក្សបានឲ្យដឹងថា តាមផែនការ នាថ្ងៃទី ៣០ មិថុនាខាងមុខ មជ្ឈិមនឹងបើកសន្និបាតទូទាំងប្រទេសបូកសរុបការងារតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេល ១០ ឆ្នាំ សំដៅវាយតំលៃលើលទ្ធផល និងកំហិត ហើយតាមនោះដកមេរៀនបទពិសោធន៍ ដើម្បីអនុវត្តន៍សម្រាប់ដំណាកកាលថ្មីផងដែរ៕