• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - រយៈពេល ៣០ ឆ្នាំនៃសមាហរណកម្មនិងអភិវឌ្ឍន៍ជាមួយអាស៊ាន

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ជាថ្ងៃគូសសញ្ញាសម្គាល់ របត់ប្រវត្តិសាស្ត្រមួយក្នុងដំណើរសមាហរណកម្មអន្តរជាតិរបស់វៀតណាម នៅពេលដែល វៀតណាមបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ។ ក្នុងរយៈពេល ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន វៀតណាមបានរួមវិភាគទានយ៉ាងសំខាន់ក្នុងដំណើរការតភ្ជាប់ សហប្រតិបត្តិការ និងកសាងសហគមន៍អាស៊ានដ៏រឹងមាំ ដែលត្រូវបានបណ្តាប្រទេសជាសមាជិកទទួលស្គាល់។ ក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៥) វិទ្យុសំឡេងវៀតណាមសូមជម្រាបជូនមិត្តអ្នកស្តាប់នូវកម្មវិធីពិសេស “វៀតណាម - រយៈពេល ៣០ ឆ្នាំនៃសមាហរណកម្មនិងអភិវឌ្ឍន៍ជាមួយអាស៊ាន”។

៣០ឆ្នាំ វៀតណាមចូលរួមអាស៊ាន៖ បញ្ជាក់តួនាទី លើកកំពស់ឋានៈ

នាឆ្នាំ ១៩៩៥ វៀតណាមគឺជាប្រទេសទី ៧ ដែលចូលរួមជាសមាជិកអាស៊ាន ហើយនេះគឺជាចំណុចចាប់ផ្តើមសម្រាប់ដំណើរសមាហរណកម្ម របស់វៀត ណាមទៅក្នុងពិភពលោក។ មកទល់នឹងពេលនេះ វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ានចំនួនបីលើក ដោយគូសសញ្ញាសម្គាល់ជាច្រើន។ ក្រឡេកមើលទៅដំណើរការ ៣០ឆ្នាំ នៃការចូលជាសមាជិកអាស៊ាន ជាមួយនឹងគោលនយោបាយការបរទេសដែលចាត់ទុកអាស៊ាន ជាមូលដ្ឋានគ្រឹះ អត្ថប្រយោជន៍ដែលដំណើរការសមាហរណកម្មបាននាំមកឲ្យវៀតណាម ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងប្លុកគឺជាដំណើរគួរជាទីមោទនៈ។

នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងនៅទីលានមជ្ឈមណ្ឌលសន្និបាតជាតិនៃប្រទេសប្រ៊ុយណេ ហើយវៀត ណាមបានក្លាយជាសមាជិកទី ៧ របស់អាស៊ានជាផ្លូវការ។ នេះជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់វៀតណាម គូសសញ្ញាសម្គាល់ជំហានដំបូងរបស់វៀត ណាម ក្នុងការចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

សញ្ញាសម្គាល់លេចធ្លោនិងសមិទ្ធផលសំខាន់ៗ

ភ្លាមៗ បន្ទាប់ពីចូលជាសមាជិកអាស៊ាន       វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពន្លឿនដំណើរការសម្រេចគោលដៅរបស់ប្លុក គឺមានប្រទេសសមាជិកចំនួន ១០ រួមគ្នាសាមគ្គី សហប្រតិបត្តិការ បើកទូលាយទំនាក់ទំនងជាមួយខាងក្រៅ និងក្លាយជាកម្លាំងស្នូលក្នុងកម្មវិធីពហុភាគីទាំងអស់ក្នុងតំបន់ តាមរយៈការជំរុញការចូលរូមប្លុករបស់កម្ពុជា ឡាវ និង មីយ៉ាន់ម៉ាដោយជោគជ័យ។ រាល់ការរួមចំណែកលេចធ្លោរបស់វៀតណាមរួមមានការទទួលតំណែងជាប្រធានអាស៊ានចំនួនបីលើកក្នុងឆ្នាំ ១៩៩៨, ២០១០ និង ២០២០។ ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានបានឲ្យដឹងថា៖ “អាណត្តិកាន់ដំណែងប្រធានអាស៊ានរបស់វៀតណាម សុទ្ធតែបានកត់សម្គាល់ការរួមចំណែកដ៏មានសារៈសំខាន់របស់វៀតណាមចំពោះអាស៊ាន ជាពិសេសក្នុងឆ្នាំ ២០២០ នៅពេលដែលវៀតណាមនិងអាស៊ានត្រូវឆ្លងកាត់បញ្ហាប្រឈមដ៏ធំនោះគឺ ជំងឺរាតត្បាតកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានោះ វៀតណាមក៏បានរួមចំណែកក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍អនាគតយ៉ាងសំខាន់ៗ របស់អាស៊ាន ដូចជាការកសាងនិងអនុម័តផែនការសកម្មភាពទីក្រុងហាណូយឆ្នាំ ១៩៩៨ រួមជាមួយអាស៊ានដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ១៩៩៧-១៩៩៨ រួមចំណែកក្នុងការកសាងនិងអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ធម្មនុញ្ញអាស៊ាន ក៏ដូចជាបំពេញដោយជោគជ័យតួនាទីសម្របសម្រួលរវាងដៃអាស៊ានជាមួយដៃគូសំខាន់ៗ ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងរុស្ស៊ី”

  នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានស្នើរអាទិភាពយុទ្ធសាស្ត្រ និងរបកគំហើញសកម្មភាពចំនួនបី នៅវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ។ (រូបថត៖ VOV)  
  អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ ទិវាវៀតណាមចូលរួមអាស៊ាននៅឥណ្ឌូនេស៊ី នាថ្ងៃទី ១០ មិនា (រូបថត៖ VOV)  
  ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអាស៊ាន លោកស្រី Tiffany McDonald (រូបថត៖ VOV)  
  អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានសម្ភាសន៍លោកស្រី Ton Thi Ngoc Huong - ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន។  

ក្រៅពីជោគជ័យក្នុងអាណត្តិជាប្រធានអាស៊ានបីលើកមក វៀតណាមក៏បានកំណត់សញ្ញាសម្គាល់របស់ខ្លួន ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន ដូចជាវេទិកាអនាគតអាស៊ាន (AFF) នាឆ្នាំ ២០២៥នេះដែលត្រូវបានប្រារព្ធឡើងជាលើកទីពីរ។ ឯកអគ្គរដ្ឋទូត លោក Pham Quang Vinh - អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតប្រធាន SOM អាស៊ានវៀតណាមបានវាយតម្លៃថា៖ “ជាដំបូង យើងត្រូវតែឃើញថា នេះជាគំនិតផ្តួចផ្តើមសកម្មរបស់វៀតណាម។ ទីពីរ យើងត្រូវចែករំលែកទាល់តែបាន នូវទស្សនៈវិស័យរបស់យើង ទើបតំបន់អាចឆ្លើយតបជាមួយយើង។ ប្រសិនបើសន្និសីទលើកទី ១ ទទួលបានការស្រុះចិត្តគំណិតសម្រាប់ប្រទេសនានាចូលរួមនោះ គឺសន្និសីទលើកទី ២ នឹងមានការឆ្លើយតបកាន់តែច្រើន រួមចំណែកកាន់តែមានប្រសិទ្ធភាព និងច្រើនថែមទៀត។ គេចូលរួមដើម្បីវាយតម្លៃថា  វៀតណាមមិនត្រឹមតែបានចែករំលែកគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏មានតួនាទីសំខាន់ក្នុងអាស៊ានទៀតផង។ ច្បាស់លាស់ថា ក្នុងអំឡុងពេល ៣ទស្សវត្តន៍ ចូលរួមដំណើរជាមួយអាស៊ាន យើងបានរួមចំណែកគួរឲ្យកត់សម្គាល់ដែរ។ ក្នុងដំណើរការអនុវត្ត ទោះបីជា គោលនយោបាយការបរទេសជាតិយើងក៏ដោយ ប៉ុន្តែក៏សមស្របតាមវិធីសាស្រ្តអភិក្រមក្នុងតំបន់”

ទោះបីជាវៀតណាមបានចូលរួមអាស៊ានត្រឹមតែជាងពាក់កណ្តាលផ្លូវ នៃដំណើររបស់ខ្លួនក៏ដោយ ប៉ុន្តែជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន គំនិតផ្តួចផ្តើមរបកគំហើញ ភាពវិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវដូចជា៖ ការសម្រេចចិត្តបើកទូលាយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដើម្បីរួមបញ្ចូលសហរដ្ឋអាមេរិក និងរុស្ស៊ី; រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទីមួយ (ADMM+); ចលនាដើម្បីតំណាងឲ្យអាស៊ានចូលរួមកិច្ចប្រជុំកំពូល G២០ នៅប្រទេសកូរ៉េខាងត្បូងនិងកាណាដា ឬចូលរួមក្នុងដំណើរការកសាងគោលការណ៍និងបង្កើត "ច្បាប់នៃល្បែង" សម្រាប់តំបន់...។  បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាស្ពាន និងជាផ្នែកមួយដ៏សំខាន់ដើម្បីជួយអាស៊ានផ្លាស់ប្តូរឋានៈ និងសំឡេងរបស់ខ្លួននៅលើឆាកអន្តរជាតិ។

វៀតណាមប្តេជ្ញាបន្តរួមដំណើរកសាងអនាគតរបស់អាស៊ាន

ក្រឡែកមើលរយៈពេល ៣០ ឆ្នាំកន្លងទៅ វិស័យការទូត និងសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាមបានហួសពីវិសាលភាពអាស៊ាន ដោយបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ ១៣ ប្រទេស ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ រួមទាំង FTA ទ្វេភាគីជាមួយសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងជប៉ុន;  ក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកនិងចិនក្នុងអាស៊ាន។ ភាពជាសមាជិក អាស៊ានបានបង្កើតលក្ខ័ណ្ឌសម្រាប់វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរការ តំបន់និងពិភពលោក ដូចជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ជាដើម។ អាស៊ានតែងតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម ហើយវៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវជំហររបស់ខ្លួនថា ជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចឈានមុខគេក្នុងអាស៊ាន ដោយតភ្ជាប់អាស៊ានជាមួយដៃគូសំខាន់ៗក្នុងពិភពលោក។

អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៃទីក្រុងហ្សាកាតា អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិកអាស៊ាន រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈម ក្នុងនោះមានការខិតខំប្រឹងប្រែងកសាងរចនាសម្ព័នតំបន់ប្រកបដោយបរិយាប័ន្ន និរន្តរភាព តភ្ជាប់ក្នុងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សង្គម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ ការប្រកាន់ខ្ជាប់ខ្ជួននូវអាកប្បកិរិយាដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏ល្អបំផុត និងជាមូលដ្ឋានបំផុតក្នុងការធានាសន្តិភាព និងស្ថិរភាព៖

“គោលនយោបាយកិច្ចការបរទេសជាអាទិភាព របស់វៀតណាមនាពេលខាងមុខគឺខិតខំរួមជាមួយអាស៊ាន ដើម្បីបន្តកសាងសហគមន៍រឹងមាំ សាមគ្គីភាព រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅចំពោះមុខនៃការផ្តើមប្រវត្តិសាស្ត្រថ្មី វៀតណាមនិងអាស៊ានកំពុងឆ្ពោះទៅរកគោលដៅប្រកបដោយមហិច្ឆិតា។ ក្នុងដំណើរអភិវឌ្ឍន៍បន្ទាប់ជាមួយនឹងការរំពឹងទុកថ្មីសម្រាប់អាស៊ាន វៀតណាមកាន់តែយល់ដឹងអំពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្ម និងរួមចំណែកបន្ថែមទៀតចំពោះការងាររួម ជាមួយនឹងបាវចនា ផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតក្នុងការអនុវត្ត ប្រសិទ្ធភាពក្នុងវិធីសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងសកម្មភាព”។

ឈានចូលដំណាក់កាលបន្ទាប់ ឆ្ពោះទៅអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥   វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម   និងមានការទទួលខុសត្រូវ រួមចំណែកលើកកំ ពស់កិត្យានុភាព រក្សាសាមគ្គីភាព និងជាមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាពង្រឹងការពឹងផ្អែកលើខ្លួនឯង ដើម្បីឱ្យអាស៊ានអាចសម្របខ្លួនបានកាន់តែមានប្រសិទ្ធភាពទៅនឹងបញ្ហាសាកល្បងក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើតមានឡើងយ៉ាងស្មុគ្រស្មាញនិងមិនអាចទាយទុកជាមុនដូចបច្ចុប្បន្ននេះ។

វៀតណាម សញ្ញាសម្គាល់នៃការត្រិះរិះនិងគំនិតផ្តួចផ្តើម

លោកអ្នកនាងជាតីមេត្រី!  វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ានចំនួនបីដងក្នុងបណ្តាឆ្នាំ ១៩៩៨២០១០ និងឆ្នាំ ២០២០។ ការលើកកំពស់តួនាទីស្នូល ដឹកនាំ និងសម្របសម្រួលរបស់ខ្លួនក្នុងដំណែងជាប្រធានអាស៊ាន ព្រមទាំងដឹកនាំនិងធ្វើជាម្ចាស់ផ្ទះសន្និសីទ និងព្រឹត្តិការណ៍សំខាន់ៗ  ក៏ដូចជាការសម្រេចបាននូវគំនិតផ្តួចផ្តើមជាច្រើនបានបង្កើតនូវសញ្ញាសម្គាល់ពិសេស របស់វៀតណាមក្នុងក្រសែភ្នែករបស់ប្រទេសសមាជិកក្នុងនិងក្រៅតំបន់។ សូមអញ្ជើញលោកអ្នកនាងស្តាប់ការវាយតម្លៃអំពីតួនាទីរបស់វៀតណាមតាមរយៈអត្ថបទ “វៀតណាម-សញ្ញាសម្គាល់នៃការត្រិះរិះនិងគំនិតផ្តួចផ្តើម។

“វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណែងជាប្រធានអាស៊ាន រួមចំណែកដល់ការដឹកនាំរួមរបស់អាស៊ាន  និងពង្រឹងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន។ សំខាន់ជាងនេះទៅទៀត  វៀតណាមបានដើរតួនាទីយ៉ាងសកម្មក្នុងការធានានូវតួនាទីមជ្ឈភាពរបស់អាស៊ាន។ ប្រការនេះក៏ចាំបាច់ណាស់ ដើម្បីធានាថា យើងនឹងអនុវត្តសំណើក្នុងបរិបទនៃក្របខ័ណ្ឌដែលយើងមាន រួមមានក្របខ័ណ្ឌសេដ្ឋកិច្ច ក្របខ័ណ្ឌសន្តិសុខ នយោបាយ និងក្របខ័ណ្ឌវប្បធម៌សង្គម សសរស្តម្ភទាំងបីររបស់សហគមន៍អាស៊ាន ក៏ដូចជាការតភ្ជាប់អាស៊ាន”

នោះគឺជាការចែករំលែករបស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅពេលវាយតម្លៃតួនាទីស្នូលរបស់វៀតណាមបន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន។ លោកក៏បានឲ្យដឹងថា អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងកិច្ចប្រជុំកំពូលនីមួយៗ គឺវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមជាមួយនឹងគំនិតផ្តួចផ្តើមសំខាន់ៗដែលរួមចំណែកក្នុងការពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។

ជាមួយនឹងសមិទ្ធិផលលេចធ្លោក្នុងរយៈពេល ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន អាចត្រូវបានឃើញថា វៀតណាមកំពុងអះអាងនូវតួនាទី និងកិត្យានុភាពរបស់ខ្លួននៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំក៏ត្រូវបានបណ្តាប្រទេសសមាជិកអាស៊ានកត់សម្គាល់ផងដែរ។ នោះក៏ជាការវាយតម្លៃរបស់លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម ដែលបច្ចុប្បន្នទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥។

“ក្នុងដំណើរដែលអាស៊ានតែងតែមានការផ្លាស់ប្តូរដោយឥតឈប់ឈរ ហើយវៀតណាមតែងតែស្ថិតក្នុងទីតាំងជាចំណុចកណ្តាល។  ជាពិសេសនៅពេលកាន់ដំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ២០១០ វៀតណាមបានដើរតួនាទីត្រួសត្រាយក្នុងការរៀបចំវេទិកាថ្មីៗ ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលឥឡូវនេះជាយន្តការសន្តិសុខសំខាន់ក្នុងតំបន់។  វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាលេចធ្លោដូចជាសមុទ្រខាងកើត រួមចំណែកកសាងគោលជំហររួមរបស់អាស៊ាន ជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ និងពន្លឿនដំណើរការកសាងក្រមប្រតិបត្តិ (COC)”

ក្នុងដំណើរការសមាហរណកម្ម វៀតណាមតែងតែលើកកំពស់តួនាទីរបស់ខ្លួនជាស្នូលជំរុញសាមគ្គីភាពនិងឯកភាព រួមចំណែកក្នុងការសម្រេចបាននូវគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលរួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ បង្កើតការផ្លាស់ប្តូរគុណភាពថ្មីសម្រាប់អាស៊ាន។ បច្ចុប្បន្ន វៀតណាមបន្តជំរុញទីម័រខាងកើតឱ្យក្លាយជាសមាជិកនៅខែតុលាខាងមុខ។ ឯកអគ្គរដ្ឋទូត Timor Leste ប្រចាំនៅវៀតណាម លោក Joao Pereira បានសម្តែងការកោតសរសើរថា៖

“ក្នុងដំណាក់កាលត្រៀមចូលជាសមាជិក វៀតណាមបានកែសម្រួលយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួនឲ្យស្របតាមគោលការណ៍អាស៊ាន ដូចជាការមិនជ្រៀតជ្រែក ការកសាងមតិឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នៅពេលនោះ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមមិនមានការអភិវឌ្ឍដូចសព្វថ្ងៃនេះក៏ដោយ ក៏វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា អ្នកនឹងក្លាយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ។ ទីម័រខាងកើត យើងចង់រៀនពីដំណើរអភិវឌ្ឍន៍របស់វៀតណាម ពីវិធីដែលវៀតណាមធ្វើសមាហរណកម្ម ពីការសុក្រិតប្រព័ន្ធច្បាប់ ដល់ការអនុលោមតាមធម្មនុញ្ញអាស៊ាន ស្តង់ដារ និងគោលការណ៍របស់ប្លុកផងដែរ”។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងប្លុក វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន និងដៃគូសំខាន់ៗដូចជា ចិន រុស្ស៊ី អាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប (EU) ... វៀតណាមបានលើកកំពស់តួនាទីជាស្ពាន ជំរុញដៃគូចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងយន្តការដែលអាស៊ានផ្តួចផ្តើមនិងដឹកនាំ  ដូចជា ASEAN+៣, EAS, ARF, ADMM+ ...។ លោក Lamijo អ្នកជំនាញស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី បានឲ្យដឹងថា៖

“មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលវៀតណាមបានក្លាយជាចំណុចស្នូលដ៏សំខាន់លើគំនិតផ្តួចផ្តើមជាច្រើនដូចជាអនុតំបន់ទន្លេមេគង្គ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងថ្មីៗនេះផែនការសាងសង់ផ្លូវដែក និងផ្លូវហាយវេ តភ្ជាប់ប្រទេសចិនជាមួយអាស៊ីអាគ្នេយ៍។ ប្រការនេះត្រូវបានបង្ហាញតាមរយៈគោលនយោបាយ “ការទូតឫស្សី” ដោយមានភាពបត់បែនជាមួយនឹងកត្តាខាងក្រៅ ប៉ុន្តែមានភាពតាំងចិត្តក្នុងការការពារផលប្រយោជន៍ជាតិ និងតំបន់អាស៊ាន”។

ទោះបីជាមានបញ្ហាប្រឈមជាច្រើនចំពេលមានការប្រែប្រួលក្នុងពិភពលោក និងស្ថានភាពក្នុងតំបន់ក៏ដោយ ដោយមានចក្ខុវិស័យអភិវឌ្ឍន៍អាស៊ានទៅជាសហគមន៍ទូលំទូលាយនៅឆ្នាំ ២០៤៥ វៀតណាមនឹងបន្តជាកម្លាំងជំរុញវិជ្ជមានមួយក្នុងការលើកកម្ពស់អាស៊ានដើម្បីរក្សាតួនាទីកណ្តាលរបស់ខ្លួនក្នុងរចនាសម្ព័ន្ធតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបន្តរួមចំណែកដល់អាស៊ានដែលពឹងផ្អែកលើខ្លួនឯង សមាហរណកម្ម និងផ្តោតលើប្រជាជន។

នៅចំពោះមុខរាល់ការប្រែប្រួលនៃស្ថានភាពពិភពលោក និងក្នុងតំបន់ ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះ គោលនយោបាយពន្ធគយ ឬផលប៉ះពាល់បរិស្ថាន ជាងពេលណាៗទាំងអស់ បណ្តាប្រទេសសមាជិកអាស៊ានត្រូវលើកកម្ពស់តួនាទីនៃសាមគ្គីភាព ការសម្របខ្លួនយ៉ាងសកម្ម ការច្នៃប្រឌិត ការអនុវត្តការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត... សំដៅជួយអាស៊ានជំនះពុះពាររាល់បញ្ហាប្រឈម និងការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកសារព័ត៌មាន VOV មានបទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន ដើម្បីពិភាក្សាកាន់តែច្បាស់អំពីបញ្ហាប្រឈម និងឱកាសរបស់វៀតណាមក៏ដូចជាអាស៊ានក្នុងបរិបទនេះ។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់៖

អ្នកយកព័ត៌មាន៖ ជម្រាបសួរលោកស្រី៝ឯគអគ្គរដ្ឋទូត។ សូមអរគុណលោកស្រី ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចសម្ភាសនេះជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតជាទីគោរព! ឆ្នាំ ២០២៥ ជាឆ្នាំគូសសញ្ញាពិសេស អបអរសាទរ ខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានជាផ្លូវការរបស់វៀតណាម។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាពន្ធគយ ភាពតានតឹងភូមិសាស្ត្រនយោបាយ ឬការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចនានា តាមគំនិតរបស់លោកស្រី តើវៀតណាម និងប្រទេសអាស៊ានគួរធ្វើអ្វីដើម្បីពង្រឹង និងលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់?

ឯកអគ្គរដ្ឋទូត៖ ចាស សូមអរគុណ! សូមជម្រាថា បណ្តាប្រទេសអាស៊ានបានកំណត់យ៉ាងច្បាស់នូវវិធីសាស្រ្តអភិក្រមសំដៅរក្សាតួនាទីកណ្តាលរបស់អាស៊ានចំពោះមុខការប្រែប្រួលនៃបរិយាកាសភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ដែលយើងបានមើលឃើញតាំងពីដើមឆ្នាំ ២០២៥ មក។ ទីមួយគឺការពង្រឹងសាមគ្គីភាព ឯកភាព និងការលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ទីពីរ ស្វែងរកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងប្លុក។ នេះជាបញ្ហាប្រឈមដែលអាស៊ានមិនទាន់ជំនះពុះពារបានក្នុងពេលកន្លងមក ដោយសារហេតុផលទាំងបរានុម័តនិងសត្យានុម័ត។  ទោះជាយ៉ាងណាក៏ដោយ ប្រទេសនានាកំពុងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបង្កើនសមាមាត្រនៃពាណិជ្ជកម្មក្នុងប្លុក និងធានាបាននូវកម្រិតជាក់លាក់នៃស្វ័យភាពសេដ្ឋកិច្ច ជៀសវាងការពឹងផ្អែកខ្លាំងពេកលើដៃគូទីផ្សារខាងក្រៅ។ ទី៣ បណ្តាប្រទេសអាស៊ានមានបំណងចង់ធ្វើពិពិធកម្ម និងពង្រីកទីផ្សាររបស់ខ្លួន។ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ចិន (GCC) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នាពេលថ្មីៗនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់អាស៊ាន ដែលវៀតណាមបានចូលរួមយ៉ាងសកម្ម ស្វែងរកលំហរអភិវឌ្ឍន៍ថ្មី កាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណី ជាពិសេសនៅពេលដែលសេដ្ឋកិច្ចអាស៊ាន រួមទាំងវៀតណាមនៅតែជាសេដ្ឋកិច្ចបើកចំហ និងពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងការវិនិយោគពីខាងក្រៅ”។

ឯកអគ្គរដ្ឋទូត៖ សម្លឹងមើលទៅអនាគត តើវៀតណាមនឹងបន្តលើកកម្ពស់តួនាទី និងការរួមចំណែករបស់ខ្លួនក្នុងអាស៊ានដោយរបៀបណា ហើយតើមានឱកាសអ្វីខ្លះដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច?

ឯកអគ្គរដ្ឋទូត៖ ការចូលជាសមាជិកអាស៊ានបាននាំមកឲ្យវៀតណាមនូវកាលានុវត្តភាពធំធេងជាច្រើន ចាប់ពីការពង្រឹងបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ រហូតដល់ការពង្រីកលំហសេដ្ឋកិច្ចនិងឧិកាសទីផ្សារ។ ចូលរួមក្នុងដំណើរការសហប្រតិ បត្តិការរបស់អាស៊ាននិងដៃគូ ជាពិសេសក្នុងសសរស្តម្ភទាំងបីរបស់សហគមន៍ ក៏នឹងជួយប្រទេសនិងប្រជាជនវៀតណាម ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសហប្រតិបត្តិការក្នុងតំបន់លើវិស័យដូចជា ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយ ការអប់រំ ការបណ្តុះបណ្តាល និងការឧបត្ថម្ភសម្រាប់អាជីវកម្មចាប់ផ្តើមអាជីព។ រាល់កិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមានដែលយើងមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដូចជា៖ បរិវត្តកម្ម ឌីជីថល ការផ្លាស់ប្តូរបៃតង ការអនុវត្តបច្ចេកវិទ្យាថ្មី ការអភិវឌ្ឍកសិកម្មឆ្លាតវៃ។ ទាំងនេះគឺជាឱកាសដែលវៀតណាមត្រូវទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា អត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួម និងសមាហរណកម្មអាស៊ាននឹងកាន់តែជិតស្និទ្ធជាមួយប្រជាជននិងអាជីវកម្ម។ តាមរយៈដំណើរការសមាហរណកម្មអាស៊ាននេះ យើងក៏នឹងទទួលបានបទពិសោធន៍ និងជំនាញសំខាន់ៗសម្រាប់ជួរកម្មាភិបាលដែលចូលរួមក្នុងសមាហរណកម្មអន្តរជាតិ។ ទាក់ទិននឹងចក្ខុវិស័យអនាគត មានការចៃដន្យគួរឱ្យចាប់អារម្មណ៍មួយ គឺថា ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ក៏ស្របគ្នានឹងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យនៃការស្ទុះឈានទៅមុខ។ ទន្ទឹមនឹងផលប្រយោជន៍រួមរបស់អាស៊ាន វៀតណាមនឹងបន្តចូលរួមដោយរបៀបណាក្នុងការរួមចំណែក និងអនុវត្តកិច្ចសហប្រតិបត្តិការ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុតនូវឱកាសដែលតំបន់ និងលំហសេដ្ឋកិច្ចប្រកបដោយថាមពលរបស់អាស៊ានអាចនាំមក។ អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់របស់យើងនាពេលខាងមុខគឺ យើងត្រូវបន្តទាញយកកាលានុវត្តភាពពីនិន្នាការសហប្រតិបត្តិការនៃការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ បង្កើតមុខតំណែងខ្ពស់សម្រាប់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដោយហេតុនេះជំរុញដំណើរការសមាហរណកម្មអន្តរជាតិ និងគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសនាពេលខាងមុខ”។

ការផ្តោតអារម្មណ៍នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យនៃការស្ទុះឈានទៅមុខគឺជាអ្វីដែលប្រជាជននៃប្រទេសជាច្រើនក្នុងតំបន់បានរំពឹងទុក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top