
ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (ខាងឆ្វេង) (រូបថត៖ Zing)
តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ វៀតណាមចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបរចាជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា គោលជំហរដោយឥតងាករេរបស់វៀតណាមនោះ គឺជានិច្ចកាលគោរពនិងផ្ដល់អាទិភាពដល់ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងរុស្ស៊ី។ ចំណែកឯនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev វិញ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត របស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ទិដ្ឋភាពនៃជំនួបចរចារវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (រូបថត៖ Zing)
នាយករដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាលើទិសដៅនិងវិធានការ សំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីប្រកបដោយភាពស៊ីជំរៅនិងចីរភាព។ នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរដើម្បីសហប្រតិបត្តិការគ្នារុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម និងនៅលើដែនដីរុស្ស៊ី ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញ គម្រោងសហប្រតិបត្តិការសំខាន់ៗលើវិស័យថាមពល ឧស្សាហកម្ម គមនាគមន៍ដឹកជញ្ជូន កសិកម្ម ព្រមទាំងបើកពង្រីកកិច្ចសហប្រតិបតិ្តការដល់វិស័យព័ត៌មានបច្ចេកវិទ្យាឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក ហើយអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តអនុវត្តន៍គម្រោងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នុយក្លេអ៊ែរនៅវៀតណាមដោយមានតម្លៃ៣៥០លានដុល្លាអាមេរិក ផងដែរ។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនានា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) អោយបានជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម