នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប្រទេសសិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះសម័យប្រជុំលើកទី
៦ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ
និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយមានការចូលរួមពីរដ្ឋមន្ត្រី
និងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសសមាជិកចំនួន
១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់
ប៉េរូ សិង្ហបុរី និងវៀតណាម។
គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្ម លោក Tran Quoc Khanh។
បើកកិច្ចប្រជុំ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី លោក Gan Kim
Yong បានវាយតម្លៃថា CPTPP មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន
បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការអនុវត្ត។ CPTPP បន្តជាស្តង់ដារ
និងមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
បទប្បញ្ញត្តិពាណិជ្ជកម្មឌីជីថលរបស់ CPTPP បានជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចឌីជីថល
និងពាណិជ្ជកម្មឌីជីថលក្នុងរយៈពេលកន្លងមក។ ក្នុងនោះ ពាណិជ្ជកម្មទំនិញក្នុង CPTPP
បានកើនឡើងពី ៤៦៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ឡើងដល់ ៥៣៥
ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ទោះបីជាមានការរាតត្បាតកូវីដ ១៩ ក៏ដោយ។
ភាពជាដៃគូក្នុងចំណោមប្រទេសជាសមាជិកត្រូវបានពង្រឹង។
នៅក្នុងសម័យប្រជុំ សមាជិក CPTPP បានស្វាគមន៍ចំពោះការដែល ម៉ាឡេស៊ីបានផ្តល់សច្ចាប័នលើឯកសារមួយចំនួន ក៏ដូចជា អនុម័តនូវសំណុំគោលការណ៍ណែនាំដែលមិនជាប់កាតព្វកិច្ចសម្រាប់ការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) ឬកិច្ចព្រមព្រៀងសេវាកម្មវិជ្ជាជីវៈ (APS)។ សម័យប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពថ្មី និងលេចធ្លោនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច ឌីជីថល។ ទាក់ទិននឹងការចូលជាសមាជិកថ្មី សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា សមាជិក CPTPP ស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចពិភាក្សាដែលកំពុងបន្តលើដំណើរការចូលជាសមាជិករបស់ចក្រភពអង់គ្លេស ដោយអះអាងនូវស្តង់ដារខ្ពស់នៃ CPTPP នឹងអនុវត្តន៍ក្នុងដំណើរការនេះ៕