ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយវ៉ែតដោយជោគជ័យ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីប្រទេសគុយវ៉ែត ចាប់ផ្តើមចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ស៊ីហ្វី ហ្គ្រីប។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេសអាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។
នេះក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីៗ ជាពិសេសនៅក្នុងវិស័យដែលវៀត ណាម និងអាល់ហ្សេរីមានប្រៀបខ្លាំង និងតម្រូវការបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជាថាមពល ប្រេង ឧស្ម័ន កសិកម្ម រ៉ែ កែច្នៃចំណីអាហារ និងឧស្សាហកម្មផលិតកម្មជាដើម។
ដំណើរទស្សនកិច្ចនេះក៏នឹងលើកទឹកចិត្តដល់អាជីវកម្មនៃប្រទេសទាំងពីរ ឱ្យបង្កើនការវិនិយោគ ពង្រីកទីផ្សារ និងធ្វើពិពិធកម្មផលិតផលនាំចេញ-នាំចូល លើកកម្ពស់យន្តការសហប្រតិបត្តិការសេដ្ឋកិច្ច វេទិកាផ្លាស់ប្តូរពាណិជ្ជកម្ម និងគម្រោងវិនិយោគរួមគ្នា៕







