ព័ត៌មាន
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong ចាប់ផ្ដើមនាព្រឹកថ្ងៃទី២៤ ខែឧសភា
ពិធីគោរពវិញ្ញាណក្ខ័ន្ធ ប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិ វិថី Tran Thanh Tong ទីក្រុងហាណូយ ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៤ ខែ ឧសភា ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៥ ខែឧសភា។
ថ្លែងសុន្ទរកថាចាប់ផ្ដើមពិធីបុណ្យសព ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពថ្នាក់ជាតិបានសង្ខេបជីវប្រវត្តិ និងការរួមវិភាគទានរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong ហើយបានប្រកាសបញ្ជីឈ្មោះគណៈកម្មាធិការបុណ្យសព៖
“ក្នុងអំឡុងពេលជាង ៥០ ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានមានការរួមវិភាគទានដ៏ធំធេងជាច្រើនក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ លោកត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស ស្លាកសញ្ញាសំគាល់អាយុបក្ស ៦៥ឆ្នាំ និងគ្រឿងឥស្សរិយយស មេដាយ រង្វាន់ កិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀតរបស់វៀតណាមនិងអន្តរជាតិ។ មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម និងចំពោះក្រុមគ្រួសារអតីតប្រធានរដ្ឋលោក Tran Duc Luong ផងដែរ”។
បន្ទាប់ពីសុន្ទរកថារបស់ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ គណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។ បន្ទាប់មកគឺគណៈប្រតិភូរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយប្រធានរដ្ឋលោក លឿង គឿង; គណៈប្រតិភូរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ; គណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន; គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយប្រធាន លោក ដូ វ៉ាន់ជៀន បានចូលគោរពវិញ្ញាណក្ខ័ន្ធ។
សរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ អគ្គលេខាបក្ស លោក តូ ឡឹម បានសម្តែងនូវសេចក្ដីសោកស្ដាយជាទីបំផុតចំពោះអតីតប្រធានរដ្ឋ លោក Tran Duc Luong - បក្ខជនកុម្មុយនិស្តដ៏ស្មោះត្រង់ មេដឹកនាំគំរូ និងជាកូនឆ្នើមមួយរូបនៃស្រុកកំណើត Quang Ngai វីរភាព និងសម្បូរទៅដោយប្រពៃណីបដិវត្តន៍។ មរណភាពរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។
ក្នុងអុំឡុងពេលដូចគ្នា នៅសាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ វិថី Le Trung Dinh ទីក្រុង Quang Ngai (ស្រុកកំណើតរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong) ក៏ប្រារព្ធឡើងពិធីគោរពវិញ្ញាណក្ខ័ន្ធផងដែរ។
នាម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ឧសភា ពិធីបង្ហូតទង់ជាតិពាក់កណ្ដាលដង បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (ទីក្រុងហាណូយ) ដើម្បីសម្គាល់ពេលវេលាចាប់ផ្ដើមពិធីបុណ្យសពថ្នាក់ជាតិ។
ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីបុណ្យសពថ្នាក់ជាតិអតីតប្រធានរដ្ឋលោក Tran Duc Luong (ថ្ងៃទី ២៤ និងទី ២៥ ឧសភា) ទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដង នៅតាមទីភ្នាក់ងារ ការិយាល័យនិងទីសាធារណៈ ហើយមិនមានការរៀបចំសកម្មភាពកម្សាន្តណាមួយឡើយ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោក Tran Duc Luong ត្រូវបានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍និងវិទ្យុសម្លេងវៀតណាម។
អតីតប្រធានរដ្ឋ លោក Tran Duc Luong កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៣៧; ស្រុកកំណើត៖ ឃុំ Pho Khanh ស្រុក Duc Pho (ឥឡូវជាទីរួមខេត្ត Duc Pho) ខេត្ត Quang Ngai។ លោកបានចូលរួមក្នុងបដិវត្តន៍ពីខែកុម្ភៈឆ្នាំ ១៩៥៥; បានចូលរួមជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥៩។
លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៥, ៦, ៧, ៨, ៩; សមាជិកការិយាល័យនយោបាយ នីតិកាលទី ៨ និងទី៩; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នីតិកាលទី៨; អនុប្រធានគណៈរដ្ឋមន្ត្រីពីខែកុម្ភៈឆ្នាំ ១៩៨៧ ដល់ខែកញ្ញា ១៩៩២; ឧបនាយករដ្ឋមន្ត្រី ពីខែតុលា ឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ១៩៩៧; ចាប់ពីខែកញ្ញា ឆ្នាំ ១៩៩៧ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ នីតិកាលទី១០និងទី១១; សមាជិកសភានីតិកាលទី៧ ទី៨,ទី១០, និងទី១១។
ដោយសារតែមានគុណូបការៈដ៏ឆ្នើមពិសេស ដែលរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ លោកត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស ស្លាកសញ្ញាសំគាល់អាយុបក្ស ៦៥ឆ្នាំ និងគ្រឿងឥស្សរិយយស មេដាយ រង្វាន់ កិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀតរបស់វៀតណាមនិងអន្តរជាតិ។
បន្ទាប់ពីរងជំងឺធ្ងន់ធ្ងរមួយរយៈ ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាល និងក្រុមគ្រួសារថែទាំដោយអស់ពីចិត្តក៏ដោយ ប៉ុន្តែដោយសារជរាពាធ និងជំងឺធ្ងន់ធ្ងរ អតីតប្រធានរដ្ឋលោក Tran Duc Luong បានទទួលមរណភាពនៅវេលាម៉ោង ២២៖៥១នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃទី ២៣ ខែទី៤ ឆ្នាំម្សាញ់ សប្តស័ក) នៅគេហដ្ឋានរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ៕