
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចចូលរួមសម័យប្រជុំលើកទី១៦គណៈកម្មការចម្រុះវៀតណាម-កម្ពុជា អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស។
នៅជំនួបនេះ តាមរយៈរដ្ឋមន្រ្តីលោកប្រាក់ សុខុន ប្រធានរដ្ឋលោក Tran Dai Quang បានគោរពបញ្ជូនការសាកសួរសុខទុក្ខចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ហើយសម្ដែងគោលបំណងចង់អញ្ជើញព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅវៀតណាមនាចុងឆ្នាំ។ លោក Tran Dai Quang ក៏អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានសម្រេចរួចរាល់នូវការងារជាច្រើន លើវិស័យបោះបង្គោលខ័ណ្ឌសីមានាពេលកន្លងទៅ។ ស្ដីពីបញ្ហាអាណិកជន វៀតណាម លោក Tran Dai Quang មានគោលបំណងថា កម្ពុជាបន្តយកចិត្តទុកដាក់ មានគោលនយោបាយជួយឧបត្ថម្ភយ៉ាងជាក់ស្ដែង ចំពោះជនកម្ពុជាដើមកំណើតវៀតណាម ជួយគេរស់នៅដោយស្ថិរភាព ដើម្បីរួមវិភាគទានសំរាប់ការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក ប្រាក់ សុខុន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋ និងប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជឿជាក់ថា វៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនាឆ្នាំ២០៣០៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម