ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា នៅរាជធានីភ្នំពេញ លោក ទ្រីញ វ៉ាន់ក្វៀត (Trinh Van Quyet) ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម បានជួបសម្ដែងការគួរសមជាមួយប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ហើយជួបជាមួយអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា លោក ជាម យៀប។
ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជា ដែលបានពូនជ្រុំតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រនានា ការតស៊ូរំដោះជាតិ ក៏ដូចជាការកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ ព្រមទាំងអះអាងថា នៅក្នុងបរិបទអភិវឌ្ឍន៍ថ្មី ភាគីទាំងពីរចាំបាច់ត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់ តែជាក់ស្ដែង និងមានប្រសិទ្ធភាព ដោយប្រែក្លាយ «មិត្តភាពប្រពៃណី» ទៅជា «កម្លាំងចលករសម្រាប់ការអភិវឌ្ឍ»។
ទាក់ទងនឹងទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈចលនាមហាជន និង គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការឃោសនាយ៉ាងទូលំទូលាយ ការអប់រំអំពីប្រពៃណីប្រវត្តិសាស្ត្រ សាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ; រក្សា និងពង្រីកដំណើរទស្សនកិច្ច និងចែករំលែកបទពិសោធន៍ក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសក្នុងការងារកសាងបក្ស ការងារចលនាមហាជនក្នុងយុគសម័យឌីជីថល; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល; ជំរុញខ្លាំងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍; និងគាំទ្រកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារសារព័ត៌មានសំខាន់ៗនៃប្រទេសទាំងពីរផងដែរ៕







