បន្តដំណើរទស្សនកិច្ចការងារនៅកម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត វៀតណាម នៅថ្ងៃទី១៤ ខែឧសភា នៅខេត្តសៀមរាប កម្ពុជា សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជនមជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត (Trinh Van Quyet) បានជួបប្រជុំការងារជាមួយលោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជនមជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស CPP អាជ្ញាធរ និងប្រជាជនខេត្តសៀមរាប ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្ត; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមការងារឯកទេសរបស់វៀតណាមក្នុងការស្វែងរក ការជីកកកាយ និងការបញ្ជូនអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមត្រឡប់ទៅស្រុកកំណើតវិញ ក៏ដូចជា តែងតែគាំទ្រ ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមនៅកម្ពុជា ដើម្បីរស់នៅ ធ្វើការ និងសិក្សាប្រកបដោយស្ថិរភាព និងយូរអង្វែងនៅក្នុងខេត្ត។
គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងជំនួបនៅខេត្តសៀមរាប។ រូបថត៖ Minh Hung/TTXVN
រីឯខ្លួនវិញ លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងខេត្តសៀមរាបនិយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់វៀតណាមបានទេ ជាពិសេសគឺការគាំទ្រយ៉ាងទាន់ពេលវេលារបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
ភាគីទាំងពីរបានឯកភាពសម្របសម្រួលគ្នាក្នុងការកសាងផែនការរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧) ដោយផ្តោតលើការជំរុញការឃោសនា និងការអប់រំអំពីចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសយុវវ័យ តាមនោះ ពង្រឹងមូលដ្ឋានសង្គម ពូនជ្រុំចំណងមិត្តភាព និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕