មុខសញ្ញានេះបានឲ្យដឹងថា គាត់មានការចងកំហឹងនឹង “អង្គការជាក់លាក់” ដែលទំនងជាក្រុមសាសនា ដែលគាត់ជឿថាមានទំនាក់ទំនងជាមួយលោកអតីតនាយករដ្ឋមន្រ្តី Abe។ ទោះជាយ៉ាងណាក៏ដោយ មុខសញ្ញានេះបដិសេធការវាយប្រហារដោយសារតែការប្រឆាំងជំទាស់នឹងជំនឿនយោបាយរបស់លោកអតីតនាយករដ្ឋមន្ត្រី។ ប្រភពព័ត៌មានស៊ើបអង្កេតបានឲ្យដឹងថា Tetsuya Yamagami បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារមេដឹកនាំក្រុមសាសនា។
Tetsuya Yamagami បានប្រើប្រាស់កាំភ្លើងច្នៃ ដើម្បីបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីលោក Abe ពីខាងក្រោយ នៅពេលដែលលោក កំពុងថ្លែងសុន្ទរកថាឃោសនាការបោះឆ្នោត សម្រាប់បេក្ខជនម្នាក់នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាច នៅទីក្រុង Nara កាលពីម្សិលមិញ (ថ្ងៃទី៨ ខែកក្កដា)។ កម្លាំងប៉ូលីសបានឆែកឆេរផ្ទះរបស់មុខសញ្ញា ហើយបានរកឃើញវត្ថុតាងជាច្រើនដែលត្រូវបានចាត់ទុកថា ជាគ្រឿងផ្ទុះនិងកាំភ្លើងច្នៃ។
សូមជម្រាបថា ជនសង្ស័យ Yamagami ធ្លាប់បានធ្វើការនៅរោងចក្រមួយក្នុងតំបន់ Kansai ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ប៉ុន្តែគាត់បានឈប់ការងារពីខែឧសភាឆ្នាំនេះ។ ជនសង្ស័យ ធ្លាប់ជាសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ក្នុងរយៈពេលប្រហែល ៣ឆ្នាំ ហើយបច្ចុប្បន្ន កំពុងរស់នៅទីក្រុង Nara៕