នាព្រឹកថ្ងៃទី៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយក៏ជាបេសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងកំពុងរីកចម្រើន (រូបថត៖ VNA)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល។ ជាពិសេស វិស័យផ្លាស់ប្តូរឌីជីថល ទិន្នន័យធំ អ៊ិនធឺណិតនៃវត្ថុ កុំព្យូទ័រលើពពក ថាមពលស្អាត សម្ភារៈថ្មី... គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យា ជាពិសេសលើវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។
រីឯខ្លួនវិញ លោក Amandeep Singh Gill បានវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែធំរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត រួមទាំងវិស័យ AI។ នាពេលខាងមុខ អ.ស.ប សង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងសាមគ្គីភាពក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យា; ផ្តោតលើការដាក់ពង្រាយ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើ AI; លើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាវៀតណាមមិនត្រឹមតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងចូលរួមដោះស្រាយបញ្ហាសកល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម