“វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសដទៃ ដែលមានអាកាសធាតុនិងសណ្ឋានដីស្រដៀងគ្នា ដើម្បីអភិវឌ្ឍផលិតផល OCOP និងកសិកម្មប្រកបដោយនិរន្តរភាព”។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិ។ រូបថត៖ Van Diep/VNA
នេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក្នុងជំនួបជាមួយគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្នែកកសិកម្ម ដែលចូលរួមវេទិកាផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់កម្រិតខ្ពស់ ស្តីពីគំរូ“ឃុំមួយផលិតផលមួយ” (OCOP) ដែលរៀបចំដោយក្រសួងកសិកម្មនិងបរិស្ថានវៀតណាម សម្របសម្រួលជាមួយអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នារសៀលថ្ងៃទី១៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក៏បានស្នើឱ្យ FAO និងប្រទេសដទៃទៀត រួមដៃគ្នាបង្កើតគំនិតផ្តួចផ្តើមរួមមួយ ផ្សារភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីធានាថា ប្រជាជនគ្រប់រូប ជាពិសេសកសិករ ទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកសិកម្ម។
វាយតំលៃខ្ពស់ចំពោះជោគជ័យដ៏លេចធ្លោរបស់វៀតណាមក្នុងការអភិវឌ្ឍន៍កសិកម្ម លោកស្រី Beth Bechdol អគ្គនាយិការង FAO បានធ្វើអត្ថាធិប្បាយថា គំនិតផ្តួចផ្តើម OCOP របស់វៀតណាមមិនត្រឹមតែជួយធ្វើពិពិធកម្មផលិតផលកសិកម្មក្នុងស្រុក លើកកំពស់គុណភាព ស្តង់ដារនិងអភិវឌ្ឍន៍ទីផ្សារប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់ប្រទេសផ្សេងៗក្នុងការសិក្សារៀនសូត្រ ចែករំលែកនិងសហប្រតិបត្តិការ ទន្ទឹមនឹងនោះ កម្មវិធី OCOP ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងសមាហរណកម្មចំណេះដឹងនិងតម្លៃវប្បធម៌នៅមូលដ្ឋានទៀតផង៕
ដោយប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ វេទិកាផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់កម្រិតខ្ពស់ស្តីពីគំរូឃុំមួយផលិតផលមួយ (OCOP) មានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសអាស៊ី និងអាហ្រ្វិកចំនួន ១៧ រួមមាន៖ ប៊ូតង់ នេប៉ាល់ ទុយនីស៊ី ហ្សំប៊ី ហ្ស៊ីមបាវ៉េ ហ្គាណា អេត្យូពី កាមេរូន ម៉ូហ្សាំប៊ិក ស៊ីរ៉ាប៊ី សៀរ៉ាឡេអូន កូតឌីវ័រ ហ្គាបុង សាធារណរដ្ឋកុងហ្គោ ម៉ាឡាវី ឡេសូតូ ស៊ូដង់ខាងត្បូង និងវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម