គំរូកំណើនថ្មីសម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៦ - ២០៣០ តំរង់ទិស ដល់ឆ្នាំ ២០៤៥ នឹងយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជា សសរស្តម្ភ។ នេះជាមតិរបស់អ្នកជំនាញសេដ្ឋកិច្ច អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និង សហគ្រិនក្នុងវេទិកាវិទ្យាសាស្ត្រដោយប្រធានបទ “បង្កើតគំរូកំណើនថ្មីសម្រាប់វៀត ណាមក្នុងដំណាក់កាល ២០២៦ - ២០៣០ តំរង់ទិសដល់ឆ្នាំ ២០៤៥” ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ១៥ កក្កដា នៅទីក្រុងហាណូយ។
ភាពចាំបាច់ក្នុងការផ្លាស់ប្តូរគំរូកំណើន
យោងតាមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ គំរូកំណើនចាស់ ដែលត្រូវបានគេស្គាល់ថាជាគំរូកំណើនតាមរយៈទទឹង គឺផ្អែកលើការបង្កើនចំនួននៃកត្តាធាតុចូលនានា ដូចជា ដើមទុន កម្លាំងពលកម្ម និងធនធានធម្មជាតិ។ គំរូនេះបានរួមចំណែកបង្កើត ឡើងសមិទ្ធិផលអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងរយៈពេល ៣ ទស្សវត្សកន្លងមក ជួយវៀតណាមរួចផុតពីភាពក្រីក្រ រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងលើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន។
ទោះជាយ៉ាងណាក៏ដោយ កត្តាជំរុញកំណើន ដូចជាកម្លាំងពលកម្មតម្លៃថោក ដើមទុនវិនិយោគធំ និងសមាហរណកម្មយ៉ាងស៊ីជម្រៅ កំពុងចុះខ្សោយជាបណ្ដើរៗ។ សហគ្រាសវៀតណាមពិបាកចូលរួមយ៉ាងស៊ីជម្រៅក្នុង ខ្សែសង្វាក់តម្លៃសកល។ លោកបណ្ឌិត Dang Xuan Thanh អនុប្រធានបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមវៀតណាមបានមានប្រសាសន៍ថា៖
“កត្តាជំរុញកំណើនទាំងបីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដូចជាកម្លាំង ពលកម្មតម្លៃថោក ទុនវិនិយោគធំ និងការធ្វើសមាហរណកម្មក្នុងទីផ្សារពិភពលោក កំពុងបាត់បង់ប្រសិទ្ធភាពបន្តិចម្តងៗ ខណៈដែលកំណើននៅតែពឹងផ្អែកខ្លាំងលើការ វិនិយោគ ប៉ុន្តែប្រសិទ្ធភាពនៃការប្រើប្រាស់ដើមទុនកាន់តែយឺត។ ផលិតភាពការងារ របស់វៀតណាមនៅតែស្មើចំណែកតូចមួយបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឬថៃ។ ខ្សែសង្វាក់តម្លៃសកលដែលវៀតណាមចូលរួមគឺភាគច្រើន នៅក្នុងផ្នែកតម្លៃទាប។ ជាលទ្ធផល សេដ្ឋកិច្ចវៀតណាមមិនទាន់ទម្លុះទម្លាយនៅឡើយ”។
ប្រឈមមុខនឹងស្ថានភាពនេះ វៀតណាមត្រូវការគំរូថ្មី ដើម្បីគេចផុតពីដែន កំណត់ចាស់ និងបង្កើតការទម្លុះទម្លាយក្នុងរយៈពេលខាងមុខ។
យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាសសរស្តម្ភ
ការផ្តោតសំខាន់នៃគំរូកំណើនថ្មីគឺផលិតភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
នវានុវត្តន៍។ ក្រុមឧស្សាហកម្មចំនួន ៣ អាចជាក្បាលម៉ាស៊ីននៅក្នុងគំរូកំណើនថ្មី រួម មាន៖ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត; ថាមពលបៃតងនិងបរិវត្តកម្មពណ៌ បៃតង; ឧស្សាហកម្មកែច្នៃនិងផលិតកម្មកម្រិតខ្ពស់។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Quang Tuan អនុប្រធានសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមបានមាន ប្រសាសន៍ថា៖
“កំណើនបៃតង សេដ្ឋកិច្ចបៃតង គឺជាកត្តាជំរុញថ្មីសម្រាប់គំរូកំណើន។ រួមជា មួយនឹងគំរូបរិវត្តកម្មឌីជីថល កំណើនបៃតង និងសេដ្ឋកិច្ចបៃតងនឹងបង្កើតកត្តាជំរុញគំរូ កំណើនថ្មីសម្រាប់ដំណាក់កាលថ្មី។ សេដ្ឋកិច្ចបៃតងគឺជាសសរស្តម្ភមួយសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព រួមទាំងសង្គម បរិស្ថាន និងស្ថាប័នទៀតផង។ កំណើនបៃតង និងសេដ្ឋកិច្ចបៃតង បានបង្កប់ទាំងការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ហើយ។ ដូច្នេះ កំណើនបៃតង និងសេដ្ឋកិច្ច បៃតងត្រូវតែផ្សាភ្ជាប់ជានិច្ចជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។
ទិដ្ឋភាពនៅវេទិកាវិទ្យាសាស្ត្រដោយប្រធានបទ “បង្កើតគំរូកំណើនថ្មីសម្រាប់វៀត ណាមក្នុងដំណាក់កាល ២០២៦ - ២០៣០ តំរង់ទិសដល់ឆ្នាំ ២០៤៥”។ (រូបថត៖ VOV)
នាពេលខាងមុខ វៀតណាមក៏ត្រូវផ្តល់អាទិភាពដល់ការវិនិយោគ ការអភិវឌ្ឍ បរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចទិន្នន័យ; រៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីនិន្នាការផ្លាស់ប្តូរសកល។ លោកសាស្ត្រាចារ្យ បណ្ឌិត Tran Tho Dat ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបណ្តុះបណ្តាល សាកលវិទ្យាល័យ សេដ្ឋកិច្ចជាតិ មានប្រសាសន៍ថា៖
“វិធីសាស្រ្តកំណើនរបស់វៀតណាមត្រូវតែផ្អែកលើកំណើនឌីជីថល លើវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលឲ្យស៊ីសង្វាក់គ្នា ទំនើប និងសុវត្ថិភាព បង្រួមគម្លាតឌីជីថលរវាងតំបន់នានា ដើម្បីឱ្យមានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាប័ន្ននិងគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងកំណើនឌីជីថល អ្វីដែល សំខាន់បំផុតគឺសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុង GDP។ នៅឆ្នាំ ២០២៤ សមា មាត្រនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមដែលរួមចំណែកដល់ GDP គឺ ១៣,៧%។ នៅឆ្នាំ ២០២៥ សមាមាត្រត្រូវតែកើនឡើង ២០% នៃ GDP ហើយនៅឆ្នាំ ២០៣០ ត្រូវតែជា ៣០%”។
នៅក្នុងគំរូកំណើនថ្មី រដ្ឋដើរតួនាទីតំរង់ទិស និងដឹកនាំតាមរយៈកម្មវិធីជាតិស្តីពី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Hong Son អនុ ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបានមានប្រសាសន៍ថា៖
“វៀតណាមបានកំណត់កត្តាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកម្លាំងចលករស្នូល ក្នុងការផ្លាស់ប្តូរគំរូកំណើន។ តាមនោះ កំណត់ឧស្សាហកម្ម និងវិស័យដែលត្រូវការ ជំរុញយ៉ាងខ្លាំងក្លា ដើម្បីផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច គំរូកំណើន បង្កើតមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់គំរូកំណើនថ្មី”។
គំរូកំណើនក្នុងដំណាក់កាលខាងមុខរួមបញ្ចូលកត្តាជាច្រើន ចាប់ពីកត្តាសេដ្ឋកិច្ច បច្ចេកវិទ្យា រហូតដល់កត្តាបរិស្ថាន និងសង្គម។ នៅពេលដំណើរការប្រកបដោយ ប្រសិទ្ធភាព គំរូកំណើនថ្មីនេះនឹងនាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងវិបុលភាពនៅឆ្នាំ២០៤៥៕